តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង គ្រោងនឹងបើកសវនាការលើកដំបូងនៅថ្ងៃអង្គារ នេះដើម្បីសម្រេចថាតើត្រូវទុកការចោទប្រកាន់លើលោកប្រធានាធិបតី Yoon Suk-yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកដែរឬទេ។ ប៉ុន្តែមេធាវីរបស់ Yoon និយាយថាប្រធានាធិបតីនឹងអវត្តមានសម្រាប់សវនាការនោះដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់។
គួររំលឹកថា តុលាការបានបើកសវនាការកាលពីខែមុន និងបានបញ្ចប់ដំណើរការសវនាការត្រៀមខ្លួនមុនការលើកឡើងផ្ទាល់មាត់ដំបូងដែលគ្រោងធ្វើនៅថ្ងៃអង្គារនេះ។
មេធាវីបាននិយាយថា ក្រុមស៊ើបអង្កេតរួមគ្នាមួយកំពុងព្យាយាមអនុវត្តដោយខុសច្បាប់នូវដីកាដើម្បីឃុំខ្លួនប្រធានាធិបតី។ លោកបានបន្ថែមថា លោក Yoon នឹងចូលរួមសវនាការ ដរាបណាបញ្ហាទាក់ទងនឹងសុវត្ថិភាពរបស់គាត់ត្រូវបានដោះស្រាយជាមុនសិន។
ក្រុមស៊ើបអង្កេតកំពុងស្វែងរកចាប់ខ្លួនលោក Yoon ដែលត្រូវបានចោទប្រកាន់ពីបទសង្ស័យរៀបចំការបះបោរដោយប្រកាសច្បាប់អាជ្ញាសឹកកាលពីខែមុន។ លោកបានជំទាស់នឹងការកោះហៅលើកមុននឹងជាបន្តបន្ទាប់។ មេធាវីត្រូវបានគេរាយការណ៍ថាបានស្នើឱ្យអ្នកស៊ើបអង្កេតពន្យារពេលការអនុវត្តដីកានេះ ដើម្បីឲ្យប្រធានាធិបតីអាចផ្តោតលើការកាត់ទោសចោទប្រកាន់លើរូបលោក៕
ដោយ៖ ពេជ្រ