ស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) ក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពីលោក WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាផងដែរ។
រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់នេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។
គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០កន្លែង។ គម្រោងវិនិយោគមួយនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២តំបន់ ដែលកំពុងដំណើរការមានចំនួន ២៨តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១១,៧ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង ១៩,៥ម៉ឺនកន្លែង។ ដោយឡែក នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៩៨ ០០០កន្លែង។ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នេះ បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។
ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះមានគម្រោងវិនិយោគមួយ ដែលយើងកំពុងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ៕