សមត្ថកិច្ចបានបញ្ជូនជនបរទេសចំនួន៥៧នាក់ ដែលជាបុគ្គលិកនៅកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ ទៅ ស្នាក់ការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំ ខេត្តសៀមរាប បន្ទាប់ពី ពួកគេបានចេញតវ៉ា រឿងថៅកែជនជាតិចិនបង្ខំ ឱ្យធ្វើការគ្មានថ្ងៃសម្រក និងមានការបារម្ភរឿងមិនបើកប្រាក់ខែ។
យោងតាមអ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បុគ្គលិកជនជាតិបរទេសរបស់ ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧នាក់ ដែលរួមមានជនជាតិ ប៉ាគីស្ថាន៥៣នាក់(ស្រី ០២នាក់) និង ណេប៉ាល់៤ នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ខណដែលកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក៏បានចុះទៅសម្របសម្រួល និងនាំជនបរទេសទាំង៥៧ នាក់នោះទៅសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត។
តាមព័ត៌មានទទួលបានជនជាតិបរទេសទាំង ៥៧ នាក់នោះ បានមកធ្វើការនៅប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយ នៅខេត្តព្រះសីហនុ រយៈពេលពី២ ទៅ៣ ខែមកហើយ ប៉ុន្តែពួកគាត់មិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនឱ្យទៅធ្វើ ការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យវិញ។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបញ្ជាក់ប្រាប់សារព័ត៌មាន៍ថា ក្រោយពីមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត បានរយៈពេល ១០ ថ្ងៃ ពួកគាត់ក៏ត្រូវបានអ្នកគ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឱ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថា ខ្លួនមិនបានទទួលប្រាក់ខែដូចជាក្រុមហ៊ុននៅខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ាតែម្តង។
ក្រោយពីធ្វើការសាកសួរជនបរទេសទាំង ៥៧ នាក់នោះ ស្នងការនគរបាលខេត្ត បានបញ្ជូនជនបរទេសទាំងនោះទៅស្នាក់ការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំ ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ហើយបើតាមគោលការណ៍ ក្រោយពីការសួរនាំ និងបំពេញសំណុំបែបបទរួចហើយ ជនបរទេសនឹងត្រូវបណ្តេញចេញពីកម្ពុជា៕