ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal អាចនឹងធ្លាក់ចេញពីពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup បន្ទាប់ពីរងបរាជ័យ ២-០ ក្នុងផ្ទះរបស់ខ្លួន ក្រោមថ្វីជើងរបស់សារិកាព្រៃ Newcastle United ជើងទី១ យប់មិញ។
ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត Alescander Isak ជាអ្នករកបានគ្រាប់បាល់បើកឆាកសម្រាប់ក្រុមភ្ញៀវ Newcastle នៅកីឡដ្ឋាន Emirates ចុងវគ្គទី១ និងជាគ្រាប់ទី១៥ របស់គេដែរនារដូវកាលនេះជាមួយសារិកាព្រៃ ដែលរកបានជ័យជម្នះ ៧ប្រកួតជាប់ៗគ្នាគ្រប់កម្មវិធីផងដែរ។ មិត្តរួមក្រុមគឺ Anthony Gordon ជាអ្នកធ្វើបានសម្រេចគ្រាប់ទី២ នៅពេលចាប់ផ្តើមលេងវគ្គទី២ ទើបតែបាន ៦នាទីប៉ុណ្ណោះ។
នេះមានន័យថា ក្រុមឈរនៅលេខ២ ក្នុងលីគ Premier League ត្រូវតែរកឱ្យបាន ២គ្រាប់វិញនាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជើងទី២ នៅកីឡដ្ឋាន St James’ Park ដើម្បីមានសិទ្ធិធ្វើដំណើរទៅ Wembley ក្នុងការប្រជែងជើងឯក League Cup 2024-25៕