​អាជ្ញាធរខេត្តបន្ទាយមានជ័យចុះពិនិត្យទីតាំងដីមានអាជ្ញាប័ណ្ណស្រាវជ្រាវរករ៉ែមាសរបស់មហ៊ុនមួយនៅព្រៃកូនខ្លែងស្រុកភ្នំស្រុក

បន្ទាយមានជ័យ៖អាជ្ញាធរខេត្តបន្ទាយមានជ័យនិងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកឃ្លោក នួយ អភិបាលរងខេត្តនិងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០២៥បានចុះពិិនិត្យទីតាំងនិងប្រជុំជាមួយលោកឆៃ ជីងហ៊ាង អគ្គនាយក លោកស្រីម៉ៃ សាន់ឌិ អគ្គនាយិការងនិងម្ចាស់ភាគហ៊ុនវិនិយោគជនជាតិចិននៃក្រុមហ៊ុនរ៉ក់ មីនីរ៉លឡូជី ឌីវែលឡុបម៉ិន ឯ ក (Rock Mineralogy development Co.,Ltd) លើទីតាំងដីមានអាជ្ញាប័ណ្ណក្នុងចំណោមទំហំ៧.៧៣៧ហិចតា នៅចំណុចព្រៃសហគមន៍កូនខ្លែងចំណុចធ្មេញត្រីភូមិកូនខ្លែងឃុំប៉ោយចារស្រុកភ្នំស្រុក ចម្ងាយជិត៨០គមភាគឦសានប្រជុំជនខេត្តដែលស្នើសុំជីកប្រឡាយនិងរណ្តៅសម្រាប់គម្រោងសិក្សាស្រាវជ្រាវរុករកធនធានរ៉ែលោហ:ធាតុគឺរ៉ែមាស ។

ដំណើរបេសកកម្មនេះ កើតឡើងបន្ទាប់ពីសហគមន៍ការពារព្រៃបរិស្ថានភ្នំកូនខ្លែងនៃមន្ទីរបរិស្ថានខេត្ត និងប្រជាពលរដ្ឋតវ៉ាជំនាស់ការជីក ឈូសឆាយ និងសកម្មភាពរបស់ក្រុមហ៊ុន ។

លោកឆៃ ជីងហ៊ាង អគ្គនាយក និងម្ចាស់ភាគហ៊ុនវិនិយោគជនជាតិចិននៃក្រុមហ៊ុនរ៉ក់ មីនីរ៉លឡូជី ឌីវែលឡុបម៉ិន ឯ ក (Rock Mineralogy development Co.,Ltd) អោយដឹងថា: ក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ហើយធ្វើសកម្មភាពនៅតាមគោលដៅនានា។

ដោឡែក នៅទីតាំងស្រាវជ្រាវរករ៉ែមាសនៅព្រៃកូនខ្លែងស្រុកភ្នំស្រុកនេះ ខ្លួនទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួង ស្ថាប័នជំនាញនៃរាជរដ្ឋាភិបាលកម្ពុជា ហើយបានដាក់ក្រុមការងារ សម្ភារ: គ្រឿងចក្រនិងសាងសង់កន្លែងធ្វើការ   ហើយក៏បានដំណើរការការងារ បន្តបន្ទាប់មកដែរលើទីតាំងដីដែលទទួលអាជ្ញាប័ណ្ណដូចទំហំខាងលើ ។

ប៉ុន្តែកាលពីថ្មីៗ សហគមន៍ការពារព្រៃបរិស្ថានភ្នំកូនខ្លែងនៃមន្ទីរបរិស្ថានខេត្ត និងប្រជាពលរដ្ឋតវ៉ាជំនាស់ការជីក ឈូសឆាយ និងសកម្មភាពរបស់ក្រុមហ៊ុន ។ ហេតុនេះ ក្រុមហ៊ុនស្នើសុំអាជ្ញាធរនិងមន្ទីរជំនាញរ៉ែនិងថាមពលខេត្តបន្ទាយមានជ័យអន្តរាគមន៍ដោះស្រាយ ។

សូមបញ្ជាក់ថា វិសាលភាពផ្ទៃដីដែលក្រុមហ៊ុនទទួលសិទ្ធិធ្វើការស្រាវជ្រាវរុករករ៉ែមាសនៅមានទំហំរហូតដល់ទំហំ៧.៧៣៧ហិចតា ។

ប៉ុន្តែ ក្រុមហ៊ុនគ្រោងចុះជីកដីដូចប្រឡាយចំនួន៤ច្រកផ្លូវ ដោយ២ផ្លូវមានប្រវែង២០០ម៉ែត្រក្នុង១ផ្លូវៗនិង២ផ្លូវ ប្រវែង៣០០ម៉ែត្រក្នុង១ផ្លូវៗឬសរុប១.០០០ម៉ែត្រ ប៉ុណ្ណោះ។និងជីកដីក្នុងជម្រៅ៣៥០,៥០ទៅ៤០០ម៉ែត្រ។

ការជីកនេះ ក្នុងបំណងយកដីមកពិនិត្យ វិភាគនិងពិសោធន៍ថាតើ មានធនធានរ៉ែមាសសម្រាប់ធ្វើអាជីវកម្មចម្រាញ់ដូចការការផ្តល់ព័ត៌មាននិងចង្អុរបង្ហាញរបស់អ្នកសិក្សាស្រាវមុននិងអ្នកជំនាញនៃអាជ្ញាធរកម្ពុជាឬក៏អត់?

ហើយសកម្មភាពនេះ ក៏មិនចាំបាច់ឈូសឆាយពង្រាបដីនិងព្រៃឈើអោយវាលធំធេងឬបង្កខូចខាតបរិស្ថានដែរ  លើកលែងតែមានប៉ះចំដើមឈើខ្លះប៉ុណ្ណោះ ។

ឆ្លើយតបករណីនេះ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទទួលពាក្យស្នើសុំទាំងពីសហគមន៍ព្រៃការពារ ពលរដ្ឋនិងទាំងពីក្រុមហ៊ុន ហើយបានណែនាំថា :អាជ្ញាធរនិងជំនាញនឹងបើកវេទិការសាធារណ:ផ្សព្វផ្សាយអោយបានយល់ជ្រួតជ្រាបមួយនៅភូមិកូនខ្លែងនាថ្ងៃសមស្របណាមួយចាប់ពីក្រោយថ្ងៃទី១៦ខែមករាឆ្នាំ២០២៥ ខាងមុខ។

ពោលគឺដើម្បីអោយគ្រប់ភាគីលើកឡើងពីឯកសារ និងហេតុផលជាក់ស្តែងមកធ្វើការពិភាក្សា រួចសន្និដ្ឋាន ផ្តល់អនុសាសន៍និងរកដំណោះស្រាយអោយបានត្រឹមត្រូវ ស្របច្បាប់និងអាចទទួលយកបាន ៕

Written by 

Related posts

Leave a Comment