ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងកំពុងជំរុញឱ្យប្រធានាធិបតី Yoon Suk-yeol អនុវត្តតាមដីកាដើម្បីឃុំខ្លួនគាត់និងនាំយកមកសាកសួរ ខណៈដែលដីកានោះនឹងផុតកំណត់នៅថ្ងៃចន្ទនេះ។
ក្រុមស៊ើបអង្កេតរួមគ្នាមួយទទួលបានដីកាឃុំខ្លួន លើការចោទប្រកាន់ថា Yoon រៀបចំការបះបោរដោយប្រកាសច្បាប់អាជ្ញាសឹក។ ក្រុមអ្នកស៊ើបអង្កេតបានចូលទៅក្នុងមូលដ្ឋាននៃគេហដ្ឋានប្រធានាធិបតីកាលពីថ្ងៃសុក្រដើម្បីអនុវត្តដីកានេះ ប៉ុន្តែត្រូវបានរារាំងដោយបុគ្គលិកសន្តិសុខរបស់ប្រធានាធិបតី។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា វាស្ទើរតែមិនអាចទៅរួចទេក្នុងការអនុវត្តដីកានេះ ដរាបណាសេវាសន្តិសុខប្រធានាធិបតី ឬ PSS នៅតែបន្តយាមយ៉ាងរឹងមាំក្នុងបរិវេណនោះ។ ពួកគេបានស្នើម្តងហើយម្តងទៀតឲ្យលោកYoon ឱ្យអនុវត្តតាមដីកាតុលាការ។
ប្រធាន PSS បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយនិយាយថា Yoon គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងអង្គុយលើច្បាប់ និងត្រូវបានការពារដោយច្បាប់។ មន្ត្រីរូបនេះក៏បានកត់សម្គាល់ផងដែរថា ការអនុលោមតាមការអនុវត្តដីកានេះ មានន័យថា PSS បោះបង់កាតព្វកិច្ចរបស់ខ្លួនដើម្បីការពារប្រធានាធិបតី ហើយនឹងបង្កើតជាការបោះបង់ភារកិច្ចរបស់ខ្លួនហើយ។
ក្រុមមេធាវីការពារក្តីរបស់ លោក Yoon បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនមានបំណងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌជាមួយរដ្ឋអាជ្ញាប្រឆាំងនឹងមន្ត្រីប្រហែល ១៥០ នាក់ដែលមានទំនាក់ទំនងជាមួយក្រុមស៊ើបអង្កេតរួមគ្នានេះ។ ក្រុមមេធាវីការពារក្តីអះអាងថា មន្ត្រីទាំងនោះប៉ុនប៉ងអនុវត្តដីកា ដែលក្រុមនេះអះអាងថា វាជាដីកាខុសច្បាប់។
គ្រប់កែវភ្នែកទាំងអស់កំពុងមើលថាតើក្រុមអ្នកស៊ើបអង្កេតនឹងព្យាយាមអនុវត្តដីកានេះម្ដងទៀតឬយ៉ាងណានៅពេលដែលដីកាផុតកំណត់នៅថ្ងៃនេះ៕
ដោយ៖ពេជ្រ