ចៅក្រមម្នាក់ បានឲ្យដឹង កាលពីថ្ងៃសុក្រថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងត្រូវកាត់ទោស នៅថ្ងៃទី ១០ ខែមករា ក្នុងសំណុំរឿងព្រហ្មទណ្ឌ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងការបង់ប្រាក់ឱ្យតារាអាសអាភាស ប៉ុន្តែទំនងជាមិនប្រឈមនឹងការជាប់ពន្ធនាគារនោះទេ។
សេចក្តីសម្រេចរបស់ចៅក្រមលោក Juan Merchan មានន័យថា លោក Trump តម្រូវឱ្យបង្ហាញខ្លួននៅក្នុងសវនាការរបស់តុលាការត្រឹមតែ ១០ ថ្ងៃ មុនពេលចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ដែលជាសេណារីយ៉ូដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
ចៅក្រម បានបន្ថែមថា លោក Trump ដែលមានអាយុ ៧៨ ឆ្នាំ តម្រូវឲ្យបង្ហាញខ្លួននៅក្នុងការកាត់ទោស ដោយផ្ទាល់ ឬមានការស្នើសុំណាមួយ។
ទន្ទឹមនោះ លោក Merchan ក៏បានលើកឡើងថា លោក មិនមានទំនោរក្នុងការកាត់ទោសលោក Trump ឱ្យជាប់ពន្ធនាគារនោះទេ ហើយការកាត់ទោសការដោះលែងដោយគ្មានលក្ខខណ្ឌ ដែលមានន័យថាគ្មានការឃុំឃាំង ការផាកពិន័យជារូបិយវត្ថុ ឬការកាត់ទោស គឺជាដំណោះស្រាយដែលអាចសម្រេចបាន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់លោក Trump លោក Steven Cheung បាននិយាយថា មិនគួរមានការកាត់ទោសក្នុងសំណុំរឿងនេះទេ។
លោក Cheung បន្ថែមថា ករណីគ្មានច្បាប់នេះមិនគួរត្រូវបានគេយកមកទេ ហើយរដ្ឋធម្មនុញ្ញទាមទារឲ្យដកចេញជាបន្ទាន់ ផងដែរ ។
គួរបញ្ជាក់ថា លោក Trump ជាបេក្ខភាពប្រធានាធិបតីអាមេរិកដំបូងដែលត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសពីបទឧក្រិដ្ឋមួយ អំឡុងឈ្នះឆ្នោតត្រូវឡើងកាន់តំណែង ៕
ដោយ៖ ពេជ្រ