កូរ៉េខាងត្បូង-អាមេរិក ​នឹង​ស៊ើបអង្កេត​រួមគ្នាករណី​ផ្ទុះយន្តហោះ​បណ្តាលឲ្យស្លាប់ជិត២០០នាក់

រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនគ្រោងនឹងស៊ើបអង្កេតរួមគ្នាជាមួយអាមេរិកលើករណីផ្ទុះយន្តហោះបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ កាលពីថ្ងៃអាទិត្យ នៅភាគនិរតីប្រទេស។ ការផ្ទុះយន្តហោះនេះ បានសម្លាប់មនុស្ស ១៧៩ នាក់ ក្នុងចំណោម ១៨១ នាក់ ។

យន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់កូរ៉េខាងត្បូង Jeju Air បានចាកចេញពីរដ្ឋធានីបាងកកប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុង Muan ។ មន្ត្រីនៃក្រសួងដឹកជញ្ជូន បានប្រកាសផែនការនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទនេះ ខណដែលក្រុមអ្នកស៊ើបអង្កេត កំពុងបន្តពិនិត្យមើលការផ្ទុះយន្តហោះ Boeing 737 នៅអាកាសយានដ្ឋានអន្តរជាតិ Muan ។

ក្រុមមន្ត្រី បាននិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេតរួមគ្នាជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាមេរិក ដើម្បីវិភាគឧបករណ៍ថតទិន្នន័យជើងហោះហើរ និងឧបករណ៍ថតសំឡេងកាប៊ីនយន្តហោះដែលទាញយកពីយន្តហោះ ខណ Boeing គឺជាក្រុមហ៊ុនផលិតរបស់អាមេរិក។ ក្រុមមន្ត្រីបានបញ្ជាក់​ថា ឧបករណ៍​ថត​ទិន្នន័យ​ជើង​ហោះហើរ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ខូចខាត​មួយ​ផ្នែក។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីសមាជិកក្រុមប្រឹក្សាស៊ើបអង្កេតកូរ៉េខាងត្បូងដែលនិយាយថាការឌិកូដឧបករណ៍ថតទិន្នន័យហោះហើរតែមួយគ្រឿងអាចចំណាយពេលស៊ើបអង្កេតប្រហែលមួយខែបើធៀបនឹងឧបករណ៍ដែលមិនខូចខាតដែកប្រើរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។

NTSB និយាយថាពួកគេកំពុងរៀបចំការស៊ើបអង្កេតជាមួយក្រុមហ៊ុន Boeing និង FAA រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Boeing ឲ្យដឹងថា ក្រុមហ៊ុនកំពុងទាក់ទងជាមួយ Jeju Air ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រពួកគេក្នុងការស៊ើបអង្កេត។

គួររំលឹកថា យន្តហោះ​បាន​ធ្លាក់​ក្បាលពោះ រអិល​ចេញពី​ផ្លូវ​រត់ បន្ទាប់មក​បាន​បុក​របាំង​បេតុង ហើយ​បាន​ឆាបឆេះ​ជា​អណ្តាតភ្លើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​។ មានតែសមាជិកនាវិកពីរនាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា យន្តហោះបានចុះប៉ះផ្លូវនៅពេលដែលឧបករណ៍(កង់) សម្រាប់ចុះចតមិនដំណើរការ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កូរ៉េបានឲ្យដឹង​ថា​ការ​ធ្លាក់​យន្តហោះ​នេះ​ជា​គ្រោះថ្នាក់​អាកាសចរណ៍​ដែល​ស្លាប់ច្រើន​បំផុត​មិន​ធ្លាប់​មានពីមុនមក​នៅ​លើ​ដី​ប្រទេស​កូរ៉េ។

ប្រធានស្តីទីលោក Choi Sang-mok បានប្រកាសរយៈពេលប្រាំពីរថ្ងៃនៃការកាន់ទុក្ខជាតិរហូតដល់ថ្ងៃទី ៤ ខែមករានៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់មន្រ្តីរដ្ឋាភិបាលពាក់ព័ន្ធចាប់ពីយប់ថ្ងៃអាទិត្យ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment