ប្រតិភូវិនិយោគិនមកពីប្រទេសចិន និងសិង្ហបុរីមកស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យនៅកម្ពុជា 

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន និងសិង្ហបុរីតំណាងដោយ លោក Darren Teng នាយកគ្រប់គ្រងនៃ Cambodia Securities Plc. ក្នុងគោលបំណងផ្លាស់ប្តូរនូវព័ត៌មានសំខាន់នានាពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណចំពោះគណៈប្រតិភូដែលបានឆ្លៀតពេលវេលាមុនដំណាច់ឆ្នាំ២០២៤ អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងប្រកបធុរកិច្ច។ ទន្ទឹមនោះលោកក៏បានរំលេចអំពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់នៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃផលិតផលក្នុងស្រុកសរុបជាលំដាប់, ស្ថិរភាពនៃអត្រាប្តូរប្រាក់ និងអតិផរណា, និងកំណើននៃគម្រោងវិនិយោគ។

លោកបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ, ច្បាប់ និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យដោយគ្មានការរើសអើង។ ជាក់ស្តែង វិស័យ និងសកម្មភាពវិនិយោគលើសពី១៨ បានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។

លោកក៏បានស្នើដល់វិនិយោគិនដែលមានវត្តមាននាឱកាសនេះមេត្តាចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្តដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។   

 លោក Darren Teng បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍នូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលបានរីកចម្រើនគួរជាទីកត់សម្គាល់ក្រោមការដឹកនាំចង្អុលទិសរបស់រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ធុរកិច្ច។ លោកជឿជាក់ថាវិនិយោគិនដែលបានអមដំណើរក្នុងបេសកកម្មការងារនេះនឹងសម្លឹងមើលឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យនៅកម្ពុជា៕

Written by 

Related posts

Leave a Comment