ខេត្តរតនគិរី÷ ផ្លូវលំមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៧៨ក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ ឆ្ពោះទៅកាន់ស្រុកសេសានខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋធ្វើដំណើរផ្លូវមួយខ្សែនេះស៊ូទ្រាំជាច្រើនឆ្នាំមកហើយ ដោយសារផ្លូវពិបាក ស្ពានក៏ទ្រុតទ្រោម បើកបរផ្លូវវៀង ជាពិសេសដឹកកសិផលផ្សេងៗចូលមកក្នុងទីរួមខេត្តជាច្រើនម៉ោងបានមកដល់។
ហើយផ្លូវមួយខ្សែនេះដែលប្រជាពលរដ្ឋបានប្រើប្រាស់យូឡុងមកហើយនោះ គឺមិនទាន់បានផ្លូវជាតិល្អនៅឡើយទេ។ដល់ពេលបានផ្លូវជាតិហើយ ប្រជាពលរដ្ឋនាំគ្នាធ្វើដំណើរលើផ្លូវជាតិវិញ ដោយផ្លូវនេះពិបាកធ្វើដំណើរ ហើយវៀង ដោយមានគ្រលុកជ្រៅៗផងនោះ ស្ពានស្រែពកខេត្តស្ទឹងត្រែង ក៏ទ្រុតទ្រោម ប្រជាពលរដ្ឋឆ្លងកាត់ខ្លាចមានហានិភ័យចំពោះពួកគាត់ឆ្លងកាត់។
គម្រោងផ្លូវមួយខ្សែនេះជារបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បានរៀបចំឈូសឆាយនិងត្រាស់សេផ្លូវ ពង្រីកផ្លូវឲ្យមានទំហំធំ និងជីកប្រព័ន្ធបង្ហូរទឹកនៅអមសងខាងផ្លូវ ជៀសវាងកុំឲ្យទឹកហូរពីលើផ្ដាច់ផ្លូវ។
លោកលឹម វិចិត្រ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ថា ផ្លូវមួយថ្ងៃនេះជាគម្រោងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី កំពុងរៀបចំឈូសឆាយនិងពង្រីកផ្លូវទទឹង២០ម៉ែត្រ ឲ្យដល់បង្គោលភ្លើង បណ្ដោយមានប្រវែង១៩គីឡូម៉ែត្រ ជាប់និងព្រំប្រទល់ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកលឹម វិចិត្រ បន្តថា ផ្លូវមួយខ្សែនេះក្រាលគ្រួសក្រហម ធ្វើឲ្យហើយនៅក្នុងខែ៥ ឆ្នាំ២០២៥ ប៉ុន្តែទើបនិងរៀបចំឈូឆាយបានមួយអាទិត្យតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា លោកសាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ទើបនិងឡើងកាន់ជាប្រធានមន្ទីរ ប៉ុន្តែលោកបានខំប្រឹងប្រែង ជួសជុលផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។ដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនិងដឹកកសិផលជាដើម៕