នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ ដល់មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ដើម្បីតម្រង់ទិស ផ្នែករដ្ឋបាលទូទៅជូនមន្រ្តី និងបុគ្គលិក ធានាដល់ការបំពេញការងារប្រចាំថ្ងៃឲ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារ ពេញ១ថ្ងៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ផេង សំអឿន និងឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម លោកប្រធាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារសរុបចំនួន៨០រូប។ សិក្ខាសាលានេះថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញនាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចបានធ្វើបទបង្ហាញអំពីការអនុវត្តការងាររបៀប ទម្រង់នៃការសរសេររបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ របាយការណ៍សង្ខេបលទ្ធផលការងារ អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គម និងបែបបទ និងនីតិវិធីនៃការនៃរៀបចំថវិកា ការអនុវត្តលទ្ធកម្មសាធារណៈ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ បន្ទាប់ពីស្តាប់ការធ្វើបទបង្ហាញរួច សមាជិក សមាជិកាទាំងអស់ ក៏បានលើកឡើងជាសំណួរ និងផ្តល់ចម្លើយភ្លាមៗជូនអ្នកចូលរួមយ៉ាងច្រើនផុសផុល។
ជាមួយគ្នានេះឯកឧត្តមអគ្គនាយករងទាំងពីរ ក៏បានបូកសរុប និងវាយតម្លៃវគ្គសិក្ខាសាលានេះ ពិតជាមានសារប្រយោជន៍ និងធាតុចូលសំខាន់ៗនូវចំណេះដឹងផ្នែករដ្ឋបាលទូទៅ សម្រាប់មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារ បំពេញការងារប្រចាំថ្ងៃ។ ទន្ទឹមនេះឯកឧត្តមក៏បានជម្រុញឲ្យសមាជិកសមាជិកាទាំងអស់ក្រោយទទួលបាននូវចំណេះដឹងទាំងអស់នេះ ត្រូវអនុវត្តឲ្យស្របតាមការណែនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នអាណាព្យាបាលរបស់អាជ្ញាធរជាតិព្រះវិហារ និងអង្គភាពពាក់ព័ន្ធផ្សេងៗ។