នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បាននិយាយថា កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុង Budapest អាចកើតឡើងគ្រប់ពេល។

កាលពីខែមុន លោក ត្រាំ បានប្រកាសថា លោកបានលុបចោលកិច្ចប្រជុំដែលស្នើឡើងជាមួយលោក ពូទីន ក្នុងរដ្ឋធានីហុងគ្រី ដោយនិយាយថា វាហាក់ដូចជាមិនទាន់អាចទៅរួច។
ទោះជាយ៉ាងណា ទាំងវិមានក្រឹមឡាំង និងសេតវិមាន បានសង្កត់ធ្ងន់ បន្ទាប់ពីការប្រកាសថា កិច្ចប្រជុំកំពូលនេះមិនត្រូវបានលុបចោលទេ ប៉ុន្តែត្រូវពន្យារពេលសិន។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន អំឡុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក លោក Orban បានលើកឡើងថា មានបញ្ហាតិចតួចដែលមិនទាន់ដោះស្រាយបាននៅសល់ក្នុងការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន។

លោក បានបន្ថែមថា បើបញ្ហាទាំងនោះ ត្រូវបានដោះស្រាយនោះ កិច្ចប្រជុំកំពូលសន្តិភាពនៅទីក្រុង Budapest អាចធ្វើឡើងក្នុងរយៈពេលឆាប់ៗ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុមួយ លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏បានសម្តែងការជឿជាក់ថា កិច្ចប្រជុំកំពូលរវាងលោកពូទីន និងលោក ត្រាំ នៅទីក្រុង Budapest នឹងកើតឡើង ប៉ុន្តែសង្កត់ធ្ងន់ថា យើងមិនទាន់ដឹងនៅឡើយទេថាតើវានឹងនាំមកនូវដំណោះស្រាយ ឬគ្រាន់តែជាជំហានសំខាន់ឆ្ពោះទៅរកសន្តិភាព នៅអ៊ុយក្រែន៕

ដោយ៖ ពេជ្រ
