កម្ពុជា-ចិនរៀបចំវេទិកា​ធនាគាខួរក្បាល​​ និងប្រព័ន្ធផ្សព្វផ្សាយ ជំរុញដំណើរការកសាងសហគមន៍ជោគវាសនា​រួម​ គ្រប់រដូវកាល ក្នុងយុគសម័យថ្មី

វេទិកាស្តីពីធនាគាខួរក្បាល​​ និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ក្រោមប្រធានបទ បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មី នៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ត្រូវបានរៀបចំឡើង នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រុងភ្នំពេញ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងប្រកាសបើកកម្មវិធី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា វេទិកានេះពិតជាមានសារៈសំខាន់ និងបានរួមចំណែកជាជ្រុងមួយ ក្នុងការជំរុញឲ្យទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែមានភាពល្អប្រសើរ ព្រោះថា អង្គវេទិការបស់យើងហាក់កំពុងដើរតួនាទី ជាកន្លែងជួបជុំគ្នា ក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ អ្នកកាទូត​ អ្នកសិក្សាគោលនយោបាយ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែក វែកញែក ពិភាក្សា និងចែករំលែកគោលគំនិតទាំងឡាយ អំពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងទិដ្ឋភាពជាច្រើន រួមទាំង ការទូត វប្បធម៌ និងព័ត៌មាន។ អង្គវេទិកានេះ ក៏ជាទីលាននៃឃ្លាំងគំនិតមួយ ដ៏មានតម្លៃ ក្នុងការរួមចំណែកកសាងជំនឿចិត្ត និងពង្រឹងការសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងបានបន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មី នៃសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

«ទន្ទឹមនឹងនេះ សិក្ខាសាលាយើងក៏មានតួរអង្គសំខាន់ណាស់ ព្រោះ មានទាំងមុំព័ត៌មាន មុំអ្នកនយោបាយ និងមុំបញ្ញវន្ត ដើម្បីជជែក និងឆ្លុះបញ្ចាំង នូវទិដ្ឋភាព រៀងៗខ្លួន ប៉ុន្តែ គោលដៅយើងដូចគ្នា គឺបង្កើនជំនឿចិត្តគ្នា និងធ្វើយ៉ាងណា រួមចំណែករឹតចំណងកម្ពុជា-ចិន មានភាពល្អប្រសើរឡើង ជាបន្តបន្ទាប់»

ឯកឧត្តម ជាំង ណាន (JIANG Nan) ភារធារីស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា វេទិកានេះបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានចំពោះការអភិវឌ្ឍទំនាក់ទំនងកម្ពុជាចិន ជាពិសេស ការកសាងសហគមន៍ជោគវាសនារួម រវាងចិននិងកម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី រវាងប្រទេសទាំងពីរ។

ឯកឧត្តមសង្ឃឹមថា ធនាគារខួរក្បាល និងប្រព័ន្ធផ្សព្វផ្សាយនឹងចូលរួម ក្នុងការអនុវត្តកុងសង់ស៊ីស ដែលសម្រេចបានដោយថ្នាក់ដឹកនាំ នៃ ប្រទេសទាំងពីរ ហើយ តាមរយៈការផ្លាស់ប្តូរនេះ អាចជំរុញការយល់ច្បាស់អំពីគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអភិវឌ្ឍសកល​ គំនិតផ្តួចផ្តើមអរិយធម៌សកល និង គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល។ ឯកឧត្តមសង្ឃឹមថា ធនាគារខួរក្បាល និងប្រព័ន្ធផ្សព្វផ្សាយ អាចឈរលើការបំពេញតម្រូវការ របស់ប្រទេសខ្លួន ដើម្បីលើកសំណើ របស់ធនាគារខួរក្បាល ​បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមវិស័យនានា និងសម្រួចជាយុទ្ធសាស្ត្រ និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោក Wu Hailong ប្រធានសមាគមការទូតសាធារណៈចិន ដែលបានអញ្ជើញជាអធិបតី ក្នុងវេទិកានោះដែរ បានមានប្រសាសន៍ថា ទោះបីជាពិភពលោកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ទំនាក់ទំនងកម្ពុជានិងចិន នៅតែឈានមុខ ជំរុញភាពរុងរឿង និងជាគំរូមួយ ក្នុងការកសាងសហគមន៍ជោគវាសនារួម ក្នុងនោះ លោកបានលើកឡើង ពីឆ្នាំផ្លាស់ប្តូរ ៣ឆ្នាំ ជាប់ៗគ្នា, ដូចជា​ ឆ្នាំផ្លាស់ប្តួរប្រជាជន និង ​ឆ្នាំផ្លាស់ប្តូរទេសចរណ៍ ជាដើម ដែលជាទំនាក់ទំនង ឈរលើមូលដ្ឋាន ផ្តល់ប្រយោជន៍សម្រាប់ប្រជាជន។

លោកក៏បានលើកឡើងពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, ការកសាងសហគមន៍ជោគវាសនារួម គ្រប់រដូវកាល ដែលបង្ហាញពីយុទ្ធសាស្ត្រទំនាក់ទំនងកម្ពុជាចិន ដ៏រឹងមាំ។

នៅក្នុងវេទិកានោះ វាគ្មិននានា បានឡើងមានមតិយោបល់ បង្ហាញពីគន្លឹះក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន រួមនឹងបញ្ហាប្រឈម ដែលត្រូវរួមគ្នា ដោះស្រាយ ផងដែរ៕

Written by 

Related posts

Leave a Comment