ខេត្តកោះកុង ទទួលភ្ញៀវទេសចរជិត ៨ម៉ឺននាក់ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទើបបញ្ចប់ទៅនេះ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៧៨.០០០ នាក់ ដែលបានមកលេងកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្ត។

នេះបើយោងតាមការបញ្ជាក់របស់លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង ។ លោកបានបន្ថែមថា ចំនួនភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក  បានកើនជិត៥ម៉ឺននាក់ ស្មើនឹង១៤៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

 ចំពោះមូលហេតុនៃការកើនឡើងភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកោះកុង យ៉ាងដូច្នេះ ក៏ដោយសារតែអាកាសធាតុអំណោយផលល្អ មានតំបន់ទេសចរណ៍ថ្មីៗច្រើន សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី ផ្លូវជាតិលេខ១០ និងលេខ៤៨ បានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរលំហូរភ្ញៀវទេសចរ មកពីបណ្តារាជធានី-ខេត្ត ពិសេសខេត្តពោធិ៍សាត់ ប៉ៃលិន បាត់ដំបង។

 ដោយឡែកលោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងនគរបាលខេត្តកោះកុង បានឱ្យដឹងថា អំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ សមត្ថកិច្ចនគរបាលបានដាក់ពង្រាយកម្លាំងគ្រប់គោលដៅរមណីយដ្ឋានទេសចរណ៍ ដើម្បីការពារថែរក្សាសុវត្ថិភាពជូនអ្នកទេសចរ និងប្រជាពលរដ្ឋ ដោយស្ថានភាពសណ្តាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន និងជោគជ័យពុំមានបញ្ហាធំដុំអ្វីកើតមានឡើងនោះទេ ពោលគឺគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ៕



Written by 

Related posts

Leave a Comment