គណៈកម្មាធិការគយរដ្ឋបេឡារុស បានឱ្យដឹងថា ឡានដឹកទំនិញលីទុយអានីប្រហែល ៥០០០ គ្រឿង បានជាប់គាំង ដោយសារតែការសម្រេចចិត្តរបស់ទីក្រុងវីលនីយូស ក្នុងការបិទព្រំដែនទាំងស្រុងជាមួយបេឡារុស។

កាលពីថ្ងៃទី ៣១ ខែតុលា ប្រទេសបេឡារុស បានរឹតត្បិតការចេញ-ចូល សម្រាប់ឡានដឹកទំនិញដែលចុះបញ្ជីនៅក្នុងប្រទេសលីទុយអានី នៅតាមព្រំដែនបេឡារុស-លីទុយអានី។ នេះបើយោងតាមក្រឹត្យមួយដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីបេឡារុស លោក Alexander Turchin។
រដ្ឋាភិបាលបេឡារុស នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា វិធានការនេះគឺជាការឆ្លើយតបដោយបង្ខំចំពោះសកម្មភាពឯកតោភាគីរបស់ភាគីលីទុយអានី ដែលបានបិទចំណុចត្រួតពិនិត្យម្តងហើយម្តងទៀត និងដោយគ្មានការជូនដំណឹងជាមុន។

អាជ្ញាធរបេឡារុស បានលើកឡើងថា ជាលទ្ធផលនៃការសម្រេចចិត្តនេះ ធ្វើឱ្យឡានដឹកទំនិញលីទុយអានីប្រហែល ៥០០០ គ្រឿង ត្រូវបានរារាំងនៅលើទឹកដីបេឡារុស ដោយត្រូវរង់ចាំរហូតដល់អាជ្ញាធរលីទុយអានី បើកព្រំដែនឡើងវិញ។
យោងតាមរបាយការណ៍ អាជ្ញាធរលីទុយអានី គ្រោងនឹងបិទព្រំដែនជាមួយប្រទេសជិតខាងបេឡារុសរយៈពេល ១ ខែ រហូតដល់ថ្ងៃទី ១ ខែធ្នូ៕

ដោយ៖ ពេជ្រ
