ប្រទេសចិន និងសហរដ្ឋអាមេរិកធ្វើកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែតុលា តាមម៉ោងក្នុងតំបន់ លោក He Lifeng អ្នកដឹកនាំភាគីចិនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិន រួមជាមួយនិងលោកជេហ្វ្រី ប៊ែសសាន់ អ្នកដឹកនាំភាគីអាមេរិកផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាមេរិក-ចិន និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក និងលោក ហ្គ្រេយើរ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ភាគីទាំងពីរបានយកគំនិតឯកភាពរួមដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរាល់លើកនៅក្នុងឆ្នាំ២០២៥នេះជាគោលការណ៍ណែនាំ ដើម្បីធ្វើការផ្លាស់ប្តូរនិងកិច្ចពិភាក្សាដោយស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈស្ថាបនា ជុំវិញបញ្ហាសំខាន់ៗផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលជាកង្វល់ដូចគ្នារបស់ភាគីទាំងពីរ ដូចជាវិធានការ ៣០១ របស់សហរដ្ឋអាមេរិកអំពីឧស្សាហកម្មដឹកជញ្ជូននិងឡូហ្ស៊ីស្ទីកផ្លូវសមុទ្រ និងការផលិតកប៉ាល់របស់ប្រទេសចិន ការពន្យារពេលផ្អាក “ពន្ធបដិការ” ពន្ធគយលើថ្នាំហ្វេនតានីលនិងកិច្ចសហប្រតិបត្តិការផ្នែកការអនុវត្តច្បាប់ ពាណិជ្ជកម្មផលិតផលកសិកម្ម និងការដាក់កំហិតលើការនាំចេញជាដើម ហើយភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមជាមូលដ្ឋានលើការចាត់ចែងដើម្បីដោះស្រាយកង្វល់រៀងៗខ្លួន។ ភាគីទាំងពីរបានឯកភាពកំណត់កិច្ចការលម្អិតជាក់លាក់បន្ថែមទៀត និងអនុវត្តតាមនីតិវិធីសុំការអនុម័តក្នុងប្រទេសរៀងៗខ្លួន៕

Written by 

Related posts

Leave a Comment