ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានរិះគន់លើទង្វើរបស់មេដឹកនាំអាមេរិកបច្ចុប្បន្ន លោក Joe Biden ដែលអនុញ្ញាតឱ្យមានការវាយប្រហារដោយមីស៊ីលកាន់តែជ្រៅនៅក្នុងប្រទេសរុស្ស៊ី ថាជារឿងខុស និងឆោតល្ងង់។
លោក Trump បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោកថា ខ្ញុំមិនគិតថាពួកគេនឹងអនុញ្ញាតឱ្យមីស៊ីលបាញ់ចម្ងាយ ២០០ ម៉ាយចូលទៅក្នុងប្រទេសរុស្ស៊ីនោះទេ។
លោក Trump បន្តថា ខ្ញុំមិនគិតថាអាវុធទាំងអស់នោះត្រូវបានអនុញ្ញាតណាមួយនោះទេ។ ប្រាកដណាស់វាមិនមែន ទើបតែអនុញ្ញាតឲ្យប្រើ ប៉ុន្មានសប្តាហ៍មុនពេលខ្ញុំចូលកាន់តំណែងនោះទេ ។
ទន្ទឹមនោះ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានសង្កត់ធ្ងន់ថា លោក នឹងពិចារណាឡើងវិញនូវការសម្រេចចិត្តនៅពេលលោកឡើងកាន់តំណែង។
គួរបញ្ជាក់ថា កន្លងមក លោក Joe Biden បានបើកភ្លើងខៀវសម្រាប់អ៊ុយក្រែន ក្នុងការឲ្យប្រើសព្វាវុធដែលផ្គត់ផ្គង់ដោយអាមេរិក វាយប្រហារជ្រៅចូលទឹកដីរុស្ស៊ី ៕
ដោយ៖ ពេជ្រ