​ផ្ទាំងទស្សនីយភាពដ៏សម្បូរបែបរបស់កម្ពុជានឹងត្រូវបង្ហាញក្នុងពិធីទទួលទង់កីឡាយុវជនអាស៊ីនៅបារ៉ែន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានត្រៀមបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈ ដ៏សម្បូរបែបដើម្បីបង្ហាញដល់ទស្សនិកជនក្នុងពិធីទទួលទង់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ថ្ងៃទី៣១ ខែតុលា ខាងមុខ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះបន្តវេនក្នុងឆ្នាំ២០២៩។

ក្នុងឱកាសអមដំណើរ ឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពិនិត្យការសមនៅនាយកដ្ឋានសិល្បៈ និងទស្សនីយភាព នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ផ្ទាំងទស្សនីយភាពដែលត្រូវបង្ហាញដល់ ទស្សនិកជន និងប្រតិភូ អត្តពលិក ជាង៤០ប្រទេសដែលបានចូលរួម ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នៅបារ៉ែន នោះមានភ្ជាប់នូវខ្លឹមសារ វប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និងកីឡា និងមានរយៈពេល ១០នាទីសម្រាប់បង្ហាញ។

ឆ្លៀតក្នុងនោះ ឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញភាពសោមនស្សចំពោះក្រុមសិល្បៈ នៃ នាយកដ្ឋានសិល្បៈ និងទស្សនីយភាព ដែលត្រៀមខ្លួនបានយ៉ាងល្អ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ និងធាតុផ្សំមួយចំនួនទៀតដើម្បីឱ្យការសម្ដែងរឹតតែពិសេស។

ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន  ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែតុលា ខាងមុខ កម្ពុជា នឹងបញ្ជូនអត្តពលិកទៅប្រកួតលើ ១៤ប្រភេទកីឡា ហើយក្នុងនោះក៏មានក្រុមសិល្បៈត្រៀមទទួលទង់ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី  ពី ប្រទេសបារ៉ែន ផងដែរ៕(Olympic​ cambodia)

Written by 

Related posts

Leave a Comment