ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែល សម្រេចអនុម័តផែនការ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា ដែលជាជំហានដំបូងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះទាំងស្រុង។

ការិយាល័យនេះ បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាល បានអនុម័តកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ទាំងរស់ និងស្លាប់។
កាលពីថ្ងៃទី៩ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ ឈានដល់កិច្ចព្រមព្រៀងលើដំណាក់កាលដំបូងនៃផែនការសន្តិភាព បន្ទាប់ពីមានការចរចានៅប្រទេសអេហ្ស៊ីប។
យោងតាមលោក ត្រាំ បញ្ជាក់ថា ដំណាក់កាលនេះគឺពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការដកទ័ពអ៊ីស្រាអែលទៅកាន់បន្ទាត់ដែលព្រមព្រៀងគ្នានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ លោក បានសង្កត់ធ្ងន់ថា ជំហានដំបូងត្រូវបានអនុវត្ត ដើម្បីឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងជានិរន្តរ៍៕


ដោយ៖ ពេជ្រ