ក្រុមតោកំណាចអង់គ្លេស បានបង្ហាញទម្រង់លេងយ៉ាងល្អ ដើម្បីយកឈ្នះលើក្រុមក្រុមជម្រើសជាតិវេលស៍ ដោយលទ្ធផល ៣-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន Wembley យប់មិញ ។
លទ្ធផលនេះធ្វើឲ្យគ្រូបង្វឹកលោក Thomas Tuchel កាន់តែមានជំនឿចិត្តជាមួយនឹងក្រុមដើម្បីធានាបាននូវជ័យជម្នះដ៏ល្អបំផុតក្នុងរជ្ជកាលរបស់លោកនៅពេលដែលបានផ្តួលក្រុម Serbia ៥-០ ក្នុងការប្រកួតជម្រុះ World Cup ក្នុងទីក្រុង Belgrade កាលពីខែកញ្ញា ។
ក្នុងជំនួបនេះអង់គ្លេស បានប្រើពេលត្រឹមតែ២០នាទីប៉ុណ្ណោះវគ្គទី១ ដោយកីឡាករ Morgan Rogers របស់ Aston Villa រកបានគ្រាប់បាល់ទី១នៅនាទីទី៣ កីឡាករ Ollie Watkins រកបាននាទីទី១១ និងកីឡាករ Bukayo Saka រកបាននាទីទី២០។
សូមជម្រាបថា ការប្រកួតបន្ទាប់ ក្រុមតោកំណាចបន្តជួបជាមួយឡាតវីក្នុងវគ្គជម្រុះ World Cup នៅទីក្រុង Riga ថ្ងៃអង្គារ ខណៈដែលវេលស៍ធ្វើជាម្ចាស់ផ្ទះបែលហ្ស៊ិកក្នុងទីក្រុង Cardiff នៅថ្ងៃចន្ទ៕
