​ក្រុមការងារព្រៃឈើកំពុងកាត់ដើមឈើយាងមួយដើមដែលមានហានិភ័យ

ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងកាត់ដើមឈើយាងមួយដើម ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសគ្រប់គ្រងការកាត់ដើមឈើ​ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមឈើយាងដែលមានទីតាំងស្ថិតនៅខាងត្បូងប្រាសាទបាពួន មានអាយុប្រហាក់ប្រហែលពី៧០ទៅ៨០ឆ្នាំ និងមានកម្ពស់ប្រហែល៤០ម៉ែត្រ។ លោកពន្យល់ថា ដើមយាងនេះមានសភាពស្អុយគល់ និងដើម ដែលតម្រូវឱ្យកាត់នៅផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងដើម្បីឱ្យវាមានលូតលាស់ មានជីវិតបន្តទៀត។

ដោយសារឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនជោគជាំ ដូច្នេះបណ្ដាលឱ្យដើមឈើតូចធំជាច្រើន ពិសេសដើមយាង ចាមរី និងស្រឡៅ រងការដួលរលំច្រើន។ ចំពោះដើមយាង នៅពេលវាកាន់តែ​ចាស់​ការលូតលាស់​របស់វាក៏អន់ថយ ធ្វើឱ្យមែកវាស្អុយខាងក្នុង  បើទោះបីគ្មានភ្លៀង ក៏វាងាយនឹងបាក់ដែរ។ លោក គង់ សុវណ្ណារិទ្ធ បន្ថែមថា ក្រុមការងារគ្រប់គ្រងព្រៃឈើ តែងប្រចាំការជាប់ជាប្រចាំមិនថាថ្ងៃឬឈប់ ចុះកាត់ និងដកហូតភ្លាមៗ ចំពោះដើមឈើដែលបង្កហានិភ័យ ឬដួលនៅតាមផ្លូវ និងក្នុងប្រាសាទជាដើម។

បន្ថែមពីនេះ អ្នកជំនាញព្រៃឈើក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ពេលមកកម្សាន្តនៅរមណីយដ្ឋានអង្គរនារដូវនេះ សូមកុំចតយានយន្តនៅក្រោមដើមឈើធំៗ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

Written by 

Related posts

Leave a Comment