ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥០០០នាក់ រួចទៅហើយ ។

ការថ្លែងបែបនេះ ធ្វើទ្បើងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់” នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងរំលឹកថា កាលពីអាណត្តិទី៦ កម្ពុជា ក៏បានបណ្ដេញចេញ នូវបរទេសពាក់ព័ន្ធ បទល្មើសអនឡាញ ជាង ២១០០០នាក់ ក្នុងមួយអាណត្តិផងដែរ។

ឯកឧត្តមមានប្រសាសន៍ថា ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ព្រមទាំង សម្ដេចក្រឡាហោម ស ខេង យើងបានបណ្ដេញចេញជនបរទេស ដែលពាក់ព័ន្ធអនឡាញ ប្រមាណជាង ២១០០០នាក់ ក្នុងមួយអាណត្តិ។ ដោយឡែក ក្នុងនីតិកាលទី៧ នេះ គិតត្រឹមជាង ២ឆ្នាំ នៃដើមអាណត្តិទី៧នេះ យើងបានបណ្ដេញចេញប្រមាណជាង ១៥០០០នាក់រួចទៅហើយ ខណការបណ្ដេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការងារបទល្មើសអនឡាញ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដទៀតថា កិច្ចការងារ បង្ក្រាបបទល្មើសអនឡាញ មិនមែនតែកម្ពុជា ម្នាក់ឯងទទួលខុសត្រូវនោះទេ ដូច្នេះស្នើដល់បណ្ដាប្រទេសនានា ស្វែងយល់ពីគ្នាទៅវិញ ទៅមក ដើម្បីរួមបង្ក្រាប បទល្មើសអនឡាញ៕



