តាកែវ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះទឹកជំនន់ចំនួន ១០០គ្រួសារ នៅឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

លោក វ៉ី សំណាង អភិបាលខេត្តបានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ពិសេសពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុក ដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិន ប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហម កម្ពុជា។
លោកងួន ឌីណា អភិបាលស្រុកគីរីវង់បានអោយដឹងថាអំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋទាំង១០០គ្រួសារនោះគឺក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប កន្ទេល១ មុង ១ ភួយ១ និងថវិកា ២ម៉ឺនរៀល។

បន្ទាប់ពីបញ្ចាប់កម្មវិធីនេះនៅស្រុកគិរីវង់ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានដឹកនាំលោក លោកស្រី សមាជិក សមាជិកា ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកទ្រាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង មកប្រគល់ជូនគ្រួសារវីរៈកងទព័ រស់នៅភូមិក្រាំងឈើនៀង ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ និងបានអំណោយ ដែលបានប្រគល់ជូនមាន៖ អង្ករ ៥០គីឡូក្រាម មី ៣កេស ត្រីខ ១យួរ ទឹកត្រី ៩ដប ទឹកស៊ីអ៉ីវ ១៥ដប ប្រេងឆា ១លីត្រ ទឹកសុទ្ធដបធំ ១កេស នំ ១ប្រអប់ កន្ទេល១ មុង ១ ភួយ១ សារុង១ ក្រមា១ ព្រមទាំងថវិកាសាខា ៥ ម៉ឺនរៀល អនុសាខា ២០ម៉ឺនរៀល និងថវិកាលោក លីវ សំណាង សមាជិកគណៈកម្មាធិកាសាខា ១០ ម៉ឺនរៀល៕តាកែវ







