តាកែវ៖ «ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍)» ដែលជាគម្រោងសាកល្បងរយៈពេល ៣ ខែ លើកទីមួយនៅក្រុងដូនកែវ ខេត្តតាកែវ បានទទួលជោគជ័យយ៉ាងគំហុកក្នុងសប្តាហ៍ដំបូង។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ ដោយបានទាក់ទាញសាធារណជន និងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យចូលរួមទស្សនា និងទិញផលិតផលកសិកម្មខ្មែរជាច្រើនមុខ។

យោងតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥ ផ្សារនេះបានរៀបចំនៅទីតាំងសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ដោយមានដាក់តាំងពិព័រណ៍លក់ផលិតផល កសិផល ម្ហូបអាហារ និងមានព្រឹត្តិការណ៍ប្រគំតន្ត្រីផងដែរ។
ក្នុងរយៈពេលតែពីរថ្ងៃ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ផ្សារនេះបានស្រូបទាញ ប្រជាពលរដ្ឋចូលរួមទស្សនា និងគាំទ្ររហូតដល់ប្រមាណ ១២,៥០០ នាក់ ហើយក៏មានវត្តមាន ភ្ញៀវទេសចរបរទេសប្រមាណ ១៥០ នាក់ ផងដែរ។
«ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍)» ត្រូវបានបង្កើតឡើងក្នុងគោលដៅសំខាន់គឺ ផ្តល់ឱកាសទីផ្សារបន្ថែម ដល់កសិករ និងផលិតករខ្នាតតូចក្នុងខេត្តតាកែវ ដើម្បីផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួនដោយផ្ទាល់។ លើសពីនេះ ផ្សារនេះក៏បានក្លាយជា ទីកន្លែងកម្សាន្តលំហែរកាយដ៏គួរឱ្យចាប់អារម្មណ៍ នៅចុងសប្តាហ៍ផងដែរ៕តាកែវ











