មនុស្ស ៦៥នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ប៉ុន្មានម៉ោងមុនកិច្ចចរចាសន្តិភាពនៅអេហ្ស៊ីប

ក្រសួងសុខាភិបាលនៃប្រទេសប៉ាឡេស្ទីន បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦៥នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយសារប្រតិបត្តិការប្រយុទ្ធ និងការបាញ់ផ្លោងដោយកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល ខណៈដែលមនុស្ស ១៥៣ នាក់ផ្សេងទៀតរងរបួស។

យោងតាមក្រសួង បានឱ្យដឹងថា ចំនួនពលរដ្ឋហ្គាហ្សាសរុបដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ កើនឡើងដល់ ៦៧,១៣៩ នាក់ និងជិត ១៧០,០០០ នាក់រងរបួស។

ក្រសួង បានកត់សម្គាល់ផងដែរថា ខណៈចំនួន​មនុស្ស​សរុប​ដែល​​ស្លាប់​ដោយសារ​ការ​អត់ឃ្លាន និង​ផលវិបាក​ទាក់ទង​នឹង​កង្វះ​អាហារូបត្ថម្ភ​ ​កើនឡើង​ដល់​ ៤៦០​នាក់​។

សារព័ត៌មាន Al Jazeera រាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បន្តការបាញ់ផ្លោងយ៉ាងខ្លាំងក្លាលើតំបន់ជុំវិញប៉ាឡេស្ទីន ទោះបីជាមានកិច្ចចរចាបទឈប់បាញ់ កំពុងដំណើរការក៏ដោយ។

ក្នុងរយៈពេល ៤៨ម៉ោង កន្លងមកនេះ កងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសជាង ១៣០លើក លើហ្គាហ្សា រួមទាំងមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ ក៏ដូចជាជំរុំជនភៀសខ្លួនផងដែរ។

កាលពីថ្ងៃទី១៦ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសបើកប្រតិបត្តិការវាយលុកនៅហ្គាហ្សា ក្នុងគោលបំណងបំផ្លាញទាំងស្រុងនូវចលនារ៉ាឌីកាល់ប៉ាឡេស្ទីន ហាម៉ាស។ កងទ័ពអ៊ីស្រាអែល បានព្រមានម្តងហើយម្តងទៀត ដល់ប្រជាជនក្នុងតំបន់ឱ្យជម្លៀសចេញពីតំបន់ប្រយុទ្ធ។ កាលពីថ្ងៃទី ១ ខែតុលា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz ក៏បាននិយាយថា អ្នកណាដែលមិនទាន់ចាកចេញពីហ្គាហ្សា នឹងត្រូវចាត់ទុកជាភេរវករ។

គួរបញ្ជាក់ថា គណៈប្រតិភូហាម៉ាសដែលដឹកនាំដោយប្រធានការិយាល័យតំបន់ហ្គាហ្សារបស់ហាម៉ាស លោក Khalil al-Hayya បានទៅដល់ប្រទេសអេហ្ស៊ីប ដើម្បីបន្តកិច្ចចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ស្តីពីបទឈប់បាញ់៕

ដោយ៖ ពេជ្រ              

Written by 

Related posts

Leave a Comment