លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យការជួសជុលដំបូលព្រះវិហារបុរាណនៅក្នុងវត្តពោធិ៍រុក្ខារាម ដែលស្ថិតក្នុង ភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ផ្តើមពីការយកចិត្តទុកដាក់ អភិរក្ស ថែរក្សានូវសម្បត្តិវប្បធម៌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចាប់ផ្ដើមសិក្សាលម្អិតលើការសង្គ្រោះបន្ទាន់នូវព្រះវិហារបុរាណនេះ និងបានចាប់ផ្ដើមជួសជុលដំបូលដែលទ្រុឌទ្រោមខ្លាំងចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
ការជួសជុលព្រះវិហារបុរាណដែលមានអាយុកាល១០០ឆ្នាំនេះ ទាមទារឱ្យមានក្រុមការងារប្រកបដោយជំនាញច្បាស់លាស់និងមានបទពិសោធន៍ ដើម្បីរក្សាឱ្យបាននូវភាពរាំងនៃរចនាសម្ព័ន្ធគ្រោងនិងនូវសោភ័ណ្ឌភាពនៃព្រះវិហារ ពិសេសរក្សាបាននូវគំនូរបុរាណដែលតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងព្រះវិហារ។

គួរបញ្ជាក់ផងដែរថា ព្រះវិហារនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងមានការគាំទ្រពីអង្គការយូណេស្កូផងនោះ បានជួសជុលម្តងរួចមកហើយកាលពីឆ្នាំ២០១០។
បន្ទាប់ពីការជួសជុលដោយជោគជ័យនូវដំបូលព្រះវិហារនៅក្នុងឆ្នាំ២០២៥នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងសិក្សាបន្តទៀតទៅលើការថែរក្សានូវគំនូរបុរាណដែលនៅសល់លក្ខណៈនិងទ្រង់ទ្រាយដើមតែមួយគត់នៅកម្ពុជា។ ការជួសជុលព្រះវិហារបុរាណនេះមិនមែនជាការបញ្ចប់ទេ ប៉ុន្តែវាជាការចាប់ផ្ដើមថ្មីសម្រាប់អនាគត៕





