ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម។ ពិធីនោះក៏មានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោក ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។

គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។
គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមផងដែរ។
គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍កំពង់ចាម មានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលគ្រោងសាងសង់ឡើងនៅលើច្រាំងទន្លេ ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែសម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ខែ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមានអគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦៕





