ក្រុមព្រះខ័នរាជស្វាយរៀង បានស្គាល់បរាជ័យលើកដំបូង ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដោយចាញ់ក្រុមភ្ញៀវភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ បន្ទាប់ពីទទួលបានជ័យជម្នះ ៥ប្រកួតជាប់ៗគ្នា។
យ៉ាងណាមិញក្រោយបរាជ័យលើកដំបូងក្នុងលីគ លោក Mattew Mcconkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា កើតចេញពីការបង្កកំហុសរបស់ក្រុម ពិសេសការមិនអាចចាប់ឱកាសបញ្ចប់ទីជាច្រើននៅវគ្គទី១ ផ្ទុយពីភ្នំពេញក្រោន ដែលតែងធ្វើបានសម្រេច រាល់ពេលពួកគេមានឱកាស។ មិនតែប៉ុណ្ណោះ លោកក៏ហាក់បន្ទោសកូនក្រុម សម្រាប់ការយឺតយ៉ាវក្នុងការរារាំងបាល់នៅចុងម៉ោង(ទាត់បាល់ចេញ) ដែលបង្កឲ្យមានកំហុស និងកើតមានបាល់ពិន័យ ១ម៉ែត្រទៀតផង។
គិតត្រឹមសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះដែរ ទោះបីព្រះខ័នរាជស្វាយរៀង រងបរាជ័យ តែក្រុមការពារតំណែងជើងឯក នៅតែរក្សាតំណែងកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ១៥ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ ៥ និងចាញ់ ១ គ្រាដែលភ្នំពេញក្រោន តាមពីក្រោយរកបាន ១១ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួតឈ្នះ ៣ និងស្មើ២ ស្មើបឹងកេត ដែលរកបាន ១១ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ ៣ ស្មើ ២ និងចាញ់ ១៕
