កាកបាទក្រហមកម្ពុជា ផ្តល់អំណោយដល់ពលរដ្ឋ ៩០០គ្រួសារស្មើនិង១០ឃុំក្នុងស្រុកលំផាត់និងស្រុកកូនមុំ ដែលរងគ្រោះដោយទឹកជំនន់

ខេត្តរតនគិរី÷ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះ សរុបចំនួន៩០០គ្រួសារក្នុងស្រុកចំនួន២។ការផ្តល់អំណោយត្រូវបានចែកជា២ដំណាក់កាល សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកលំផាត់និងស្រុកកូនមុំ ខេត្តរតនគិរី។

ពិធីជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនៅក្នុងស្រុកចំនួន២ គឺស្រុកលំផាត់និងស្រុកកូនមុំ បានប្រព្រឹត្តទៅក្រោមវត្តមានលោកវេជ្ជបណ្ឌិត សុខ ឡុង នាយក នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះចំនួន ៥០០គ្រួសារ មកពីឃុំចំនួន៥ ស្រុកលំផាត់ ខេត្តរតនគិរី។ ដោយឡែកនៅថ្ងៃទី២៨ ខែកញ្ញា  ឆ្នាំ២០២៥ ក្រុមការងារពីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន៤០០គ្រួសារមកពីឃុំចំនួន៥ ក្នុងស្រុកកូនមុំ សរុបប្រជាជនរងគ្រោះមានចំនួន៩០០គ្រួសារ នៅក្នុងស្រុកលំផាត់និងស្រុកកូនមុំ ខេត្តរតនគិរី។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។

   កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរេីសអេីងអ្វីឡេីយ តាមពាក្យស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕

Written by 

Related posts

Leave a Comment