ប្រទេសចិនបានបញ្ជាក់ថា មេដឹកនាំបរទេសចំនួន ២៦ នាក់ រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវបានគេរំពឹងថាចូលរួមពិធីព្យុហយាត្រាយោធាថ្ងៃជ័យជំនះនៅទីក្រុងប៉េកាំងនៅថ្ងៃពុធសប្តាហ៍ក្រោយ។

ឧបការីរដ្ឋមន្ត្រីការបរទេសលោក Hong Lei បានធ្វើសេចក្តីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះអំពីព្រឹត្តិការណ៍ដើម្បីរំលឹកដល់ជ័យជំនះរបស់ចិនលើប្រទេសជប៉ុននៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។ លោក Hong បាននិយាយថា អតីតនាយករដ្ឋមន្ត្រីជប៉ុន Hatoyama Yukio ក៏គ្រោងនឹងចូលរួមផងដែរ។
ប្រទេសចិននឹងរៀបចំក្បួនដង្ហែទ្រង់ទ្រាយធំ និងព្រឹត្តិការណ៍ផ្សេងទៀតនៅថ្ងៃទី ៣ ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី ៨០ នៃអ្វីដែលខ្លួនហៅថា “ជ័យជំនះនៃសង្រ្គាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក”។
លោក Hong បាននិយាយថា ប្រទេសចិននឹងធ្វើការជាមួយប្រជាជននៃប្រទេសផ្សេងទៀតដើម្បីការពារយ៉ាងរឹងមាំនូវសមិទ្ធិផលនៃសង្គ្រាមលោកលើកទី២ និងការពារសណ្តាប់ធ្នាប់អន្តរជាតិ។ ជាក់ស្តែង ប្រទេសចិនចង់ប្រើក្បួនដង្ហែរ ដើម្បីរៀបចំខ្លួនជាប្រទេសដែលមានជ័យជំនះក្នុងសង្គ្រាម។

មេដឹកនាំជាច្រើនដែលចូលរួមគឺមកពីប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន។ ប្រទេសលោកខាងលិចភាគច្រើនមិនបានបញ្ជូនមេដឹកនាំទៅក្បួនដង្ហែរទិវាជ័យជំនះទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា មេដឹកនាំគីម ជុងអ៊ុន នឹងចូលរួមព្រឹត្តិការណ៍រំលឹកខួបនេះ។លោក Kim នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗនេះតាមការអញ្ជើញរបស់ប្រធានាធិបតី Xi Jinping។ នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គីម ទៅកាន់ប្រទេសចិន ចាប់តាំងពីខែមករា ឆ្នាំ ២០១៩ ហើយក៏ជាការកម្រសម្រាប់មេដឹកនាំកូរ៉េខាងជើងក្នុងការចូលរួមក្នុងព្រឹត្តិការណ៍មួយដែលមេដឹកនាំបរទេសផ្សេងទៀតនឹងប្រមូលផ្តុំនៅទីនោះផងដែរ៕

ដោយ៖ ពេជ្រ