ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យទួរគីបញ្ឈប់ការបញ្ជាទិញប្រេងពីប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃការជំរុញកាន់តែទូលំទូលាយក្នុងការដាក់សម្ពាធលើវិស័យថាមពលរបស់ទីក្រុងម៉ូស្គូ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន បន្តឡើងក្ដៅគគុក។

ថ្លែងជាមួយលោកប្រធានាធិបតី Recep Tayyip Erdogan នៅសេតវិមាន លោក ត្រាំ ថា ការបញ្ឈប់ការនាំចូលប្រេង គឺជា “រឿងល្អបំផុត” ដែលសមភាគីទួរគី គួរតែពិចារណា។
កិច្ចប្រជុំ Oval Office បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តក្នុងការដកទណ្ឌកម្មរបស់អាមេរិកលើប្រទេសទួរគី ឬលក់យន្តហោះចម្បាំងទំនើប F-35 នោះទេ បើទោះបីជាលោក ត្រាំ បង្ហាញសុទិដ្ឋិនិយមអំពីបញ្ហាទាំង ២ ក៏ដោយ។
ទួរគី ជាប់ទណ្ឌកម្មច្រើនឆ្នាំមិនឱ្យទិញយន្តហោះ F-35 របស់អាមេរិក។ នៅឆ្នាំ ២០១៩ ប្រទេសនេះ ត្រូវបានហាមមិនឱ្យចូលរួមកម្មវិធីផលិតគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង បន្ទាប់ពីបញ្ជាទិញប្រព័ន្ធការពារដែនអាកាសពីប្រទេសរុស្ស៊ី៕

ដោយ៖ ពេជ្រ