ពេលថ្មីៗនេះ វេទិកាវប្បធម៌ប៉េកាំងឆ្នាំ២០២៥បានបើកធ្វើនៅក្រុងប៉េកាំងក្រោមប្រធានបទ“ការអភិវឌ្ឍរួមបញ្ចូលគ្នានៃវប្បធម៌និងបច្ចេកវិទ្យា”។
ភ្ញៀវកិតិ្តយសជាង ៨00 រូបមកពីប្រទេសនិងតំបន់ចំនួន៥៨បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីប៉េកាំងដើម្បីពិភាក្សាអំពីប្រធានបទដូចជារបៀបដែលបញ្ញាសិប្បនិមិត្តផ្តល់កម្លាំងចលករដល់ការច្នៃប្រឌិតវប្បធម៌ បច្ចេកវិទ្យាឌីជីថលជួយអភិរក្សបេតិកភណ្ឌវប្បធម៌ និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបំផុសប្រភពដើមនៃវប្បធម៌ជាដើម។ ពួកគេបានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវតែបម្រើការបន្តមរតកវប្បធម៌ និងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងវិស័យអរិយធម៌ ព្រមទាំងជំរុញផលិតកម្មវប្បធម៌ឌីជីថល និងការផ្សព្វផ្សាយអន្តរជាតិ។
ភ្ញៀវកិត្តិយសចិននិងបរទេសបានបង្ហាញថា គួរតែធ្វើឱ្យបច្ចេកវិទ្យាតែងតែបម្រើបន្តវេនវប្បធម៌និងការច្នៃប្រឌិតជានិច្ច ហើយបម្រើដល់ជីវិតខាងវិញ្ញាណនិងវប្បធម៌របស់មនុស្ស គួរតែប្រើប្រាស់បច្ចេកវិទ្យានិងវិធីសាស្រ្តថ្មីៗ ដើម្បីលើកកម្ពស់សមត្ថភាព និងកម្រិតនៃការអភិរក្សនិងការបន្តវេនបេតិកភណ្ឌវប្បធម៌ ជំរុញយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកខាងអរិយធម៌ និងបង្កើតវេទិកាអនឡាញឱ្យបានច្រើនសម្រាប់ការផ្លាស់ប្តូរ និងការចែករំលែកវប្បធម៌ ធ្វើឱ្យប្រជាជននៅក្នុងប្រទេសចិន និងក្រៅប្រទេសស្វែងយល់ពីវប្បធម៌របស់គ្នាទៅវិញទៅមក និងធ្វើឱ្យការច្នៃប្រឌិតវប្បធម៌និងបច្ចេកវិទ្យាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់មនុស្សជាតិ។
លោក Eloundou Assomoប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូដែលអញ្ជើញចូលរួមវេទិកានេះ បានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកថា ប្រទេសចិនកំពុងកំណត់ស្តង់ដារថ្មីសម្រាប់ការរួមបញ្ចូលគ្នានៃវឌ្ឍនភាពបច្ចេកវិទ្យា និងការការពារវប្បធម៌។ ប្រទេសចិនតែងតែផ្តោតយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌពិភពលោក និងបានដើរតួនាទីដឹកនាំក្នុងវិស័យច្នៃប្រឌិតឌីជីថល។
លោកChhort Bunthang អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងក្នុងវេទិកាថា គម្រោងស្តារឡើងវិញតាមប្រព័ន្ធឌីជីថលនៅប្រាសាទអង្គរវត្តបានប្រើប្រាស់បច្ចេកវិទ្យាស្កែន 3D ដែលគាំទ្រដោយប្រទេសចិន ដែលធ្វើឲ្យទស្សនិកជនទូទាំងពិភពលោកស្វែងយល់ពីវប្បធម៌ខ្មែរតាមអនឡាញ។ ឌីជីថលបានផ្តល់កម្លាំងចលករថ្មីដល់ការច្នៃប្រឌតិ ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការខាងវប្បធម៌និងសេដ្ឋកិច្ច ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្មទេសចរណ៍និងពង្រឹងកម្លាំងសេដ្ឋកិច្ចនិងសង្គម។ ការច្នៃប្រឌិតបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ៕


