ប្រធាន UEFA លោក Aleksander Ceferin និងប្រធានសហព័ន្ធកីឡាករ FIFPRO លោក David Terrier បានអំពាវនាវកាលពីថ្ងៃច័ន្ទសម្រាប់សកម្មភាពដើម្បីការពារសុខភាពកីឡាករ ដោយព្រមានថាប្រតិទិនការប្រកួតមានភាពមមាញឹកខ្លាំង។
សេចក្តីថ្លែងការណ៍រួមរបស់ UEFA និង FIFPRO បានកើតឡើងបន្ទាប់ពីការរិះគន់របស់គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick ចំពោះបញ្ហារបួសក្រលៀនរបស់ Lamine Yamal អំឡុងពេលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ដែលក្នុងនោះលោកបាននិយាយថា កីឡាករវ័យ ១៨ ឆ្នាំត្រូវបានផ្តល់ថ្នាំបំបាត់ការឈឺចាប់ដើម្បីលេងក្នុងវគ្គជម្រុះ World Cup បើទោះបីជាមានអាការះមិនស្រួលក៏ដោយ។
ចំណែកក្លិប Paris St Germain ក៏បាននិយាយនៅខែនេះថាពួកគេកំពុងស្វែងរកវិធានការកែតម្រូវ ហើយបានចោទប្រកាន់បុគ្គលិកពេទ្យរបស់ក្រុមជម្រើសជាតិបារាំងថាមិនអើពើនឹងការណែនាំរបស់ពួកគេអំពីហានិភ័យរបួស បន្ទាប់ពី Ousmane Dembele និង Desire Doue ត្រលប់មកក្លឹបវិញដោយរបួស។
សហជីពកីឡាកររបស់ប្រទេសបារាំង (UNFP) ក៏បានស្តីបន្ទោសប្រតិទិនអន្តរជាតិផងដែរ ចំពោះការប្រថុយនឹងសុខភាពកីឡាករ។
លោក Ceferin និងលោក Terrier បានជួបគ្នាកាលពីសប្តាហ៍មុននៅប្រទេសអាល់បានី នឹងបានជំរុញឱ្យ UEFA សមាគម លីក ក្លឹប និងសហជីពធ្វើការរួមគ្នាដើម្បីការពារសុខុមាលភាពកីឡាករ ខណៈពេលដែលរក្សាតម្លៃនៃការប្រកួតបាល់ទាត់អឺរ៉ុប។
លោក Ceferin បាននិយាយថា “កិច្ចសហការរបស់យើងជាមួយ FIFPRO Europe ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរួមគ្នាដើម្បីការពារសុខភាពកីឡាករ និងពង្រឹងមូលដ្ឋានគ្រឹះនៃការប្រកួត” ។ ដោយឡែកលោក Terrier បាននិយាយថា មានទំនួលខុសត្រូវរួមក្នុងសកម្មភាព។ លោកបានបន្តថា៖ «យើងទាំងអស់គ្នាទទួលស្គាល់ថាប្រតិទិនមានភាពមមាញឹកខ្លាំង»៕
