ក្រុមហ៊ុនទេសចរណ៍ចិន ដែលមានអតិថិជនប្រើប្រាស់ App របស់ខ្លួនជាង១២០លាននាក់ ប្តេជា្ញចូលរួមផ្សព្វផ្សាយសក្តានុពេលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន និងពិភពលោក 

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក WANG Shubai អនុប្រធានជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service Co., Ltd. (Tuniu) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្លាស់ប្តូរយោបល់លើកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបដល់ភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ងៀវទេសចរចិន និងអន្តរជាតិមកទស្សនាកម្ពុជា នៅទីស្តីការក្រសួង។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើ ព្រមទាំងវាយតម្លៃខ្ពស់ដល់គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន និងកិច្ចខិតខំប្រឹងប្រែងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបឱ្យបានស៊ីជម្រៅ និងទូលំទូលាយដល់ប្រជាជនចិន និងពិភពលោក ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទចំពោះការចុះកិច្ចព្រមព្រៀងស្តីពីភាពដៃគូយុទ្ធសាស្រ្តជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (CTB) ដែលជាកម្លាំងចលករសម្រាប់ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងឈានដល់ការពិភាក្សាបង្កើតកញ្ចប់ទេសចរណ៍ ខ្សែផ្លូវទេសចរណ៍ ការអភិវឌ្ឍទេសចរបែបស៊ីជម្រៅ ដំណើរសិក្សាជាលក្ខណៈគ្រួសារ និងដំណើរកម្សាន្តក្រេបទឹកឃ្មុំ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើលោកអគ្គនាយករង រៀបចំ Famtrip ដើម្បីពិនិត្យស្ថានភាពនយោបាយ និងសង្គមជាក់ស្តែងរបស់ប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ និងទេសចរណ៍របស់កម្ពុជា។

Written by 

Related posts

Leave a Comment