ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គង់ លាវ័ណ្យ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិលើកទី៣ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈឿន ក្រៃយ៉ុង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឡៅ សិទ្ធិរ៉ូ អគ្គលេខាធិការរងក.ក.ជ. លោកស្រី ឯួន សោភ័ណ ប្រធានតំបន់នៃអង្គការទស្សនៈពិភពលោក លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង-ស្រុក ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានក.ក.ជ. តំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត យុវជន និងអ្នកពាក់ព័ន្ធសរុប ៥៧រូប។
គោលបំណងនៃសិក្ខាសាលាខាងលើនេះគឺផ្សព្វផ្សាយសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤ -២០២៨ និងបង្កើនការយល់ដឹងដល់ស្ថាប័ន និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិពីខ្លឹមសារ និងសារៈសំខាន់នៃយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨៕





