ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិងកំពុងរាយការណ៍ថា ប្រមុខប៉ូលិសរបស់ប្រទេសបានប្រាប់អ្នកស៊ើបអង្កេតថា ប្រធានាធិបតី Yoon Suk-yeol បានទូរស័ព្ទទៅគាត់ចំនួនប្រាំមួយដង ដើម្បីទាមទារឱ្យចាប់ខ្លួនសមាជិកសភាក្នុងអំឡុងពេលនៃការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីសប្តាហ៍មុន។
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ Cho Ji-ho ត្រូវបានចោទប្រកាន់ពីបទបះបោរ ហើយត្រូវបានឃុំខ្លួន។ ប្រភពពីប៉ូលីសបាននិយាយកាលពីថ្ងៃសុក្រថា អ្នកស៊ើបអង្កេតបានរឹបអូសទូរស័ព្ទដៃរបស់ Cho ដែលគាត់បានប្រើពេលនិយាយជាមួយ Yoon ។ ប៉ូលីសក៏បានស្នើសុំដីកាចាប់ខ្លួនមេរបស់ពួកគេ។ តុលាការក្នុងទីក្រុងសេអ៊ូលបានចាប់ផ្តើមពិនិត្យសំណើនេះកាលពីរសៀលថ្ងៃសុក្រ ដោយមានលោក Cho ផ្ទាល់ចូលរួម។
ទន្ទឹមនឹងនេះ ការស្ទង់មតិចុងក្រោយបង្អស់បង្ហាញថា ការវាយតម្លៃការគាំទ្រចំពោះលោក Yoon បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីលោកឡើងកាន់តំណែង។ លទ្ធផលស្ទង់មតិរបស់ Gallup Korea ចេញផ្សាយកាលពីថ្ងៃសុក្រ បង្ហាញថា អត្រាគាំទ្រសម្រាប់ Yoon នៅសល់តែ ១១ ភាគរយ ខណៈដែល ៧៥ ភាគរយនៃអ្នកឆ្លើយតបនិយាយថាពួកគេគាំទ្រការចោទប្រកាន់លើរូបគាត់។
គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេរបស់ប្រទេសបានដាក់ញត្តិចោទប្រកាន់ថ្មីជាមួយគណបក្សចំនួនប្រាំផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីព្រាងច្បាប់ដើម្បីចោទប្រកាន់លោក Yoon ត្រូវបានរាយការណ៍ទៅកាន់សម័យប្រជុំពេញអង្គនៃរដ្ឋសភា។ ការបោះឆ្នោតត្រូវបានរំពឹងនឹងធ្វើទ្បើងចាប់ពីម៉ោង ៤ រសៀលនាថ្ងៃសៅរ៍នេះ។
មេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Lee Jae-myung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃសុក្រថា ការចោទប្រកាន់ប្រធានាធិបតីគឺជាវិធីលឿនបំផុត និងប្រាកដបំផុតដើម្បីបញ្ឈប់ការភាន់ច្រឡំ។ លោកបានអំពាវនាវឲ្យសមាជិកសភាគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចគាំទ្រចំពោះការលើកឡើងនេះ។
ចលនាប្រឆាំងលោក Yoon នេះត្រូវការការគាំទ្រពីសមាជិកបក្សកាន់អំណាចយ៉ាងតិចក៏ប្រាំបីរូបដែរដើម្បីអនុម័ត។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងជាច្រើនរាយការណ៍ថា មកដល់ពេលនេះមានសមាជិកសភាបក្សកាន់អំណាច ៧នាក់ហើយបានសម្តែងការគាំទ្រចំពោះចលនាប្រឆាំងលោក Yoon៕
ដោយ៖ ពេជ្រ