ក្នុងឱកាសនៃរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលត្រូវនិងថ្ងៃកាន់បិណ្ឌទី២នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះសួរសុខទុក្ខយុទ្ធមិត្ត ស៊ឹម ស្រស់ និងបានជូនថវិកាចំនួន៤០០,០០០៛ ទឹកសុទ្ធ១កេស ភេសជ្ជៈ១កេស និងត្រីខ១យួរផងដែរ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និង លោក ស៊ឹម ស្រស់ គឺជាយុទ្ធមិត្តដែលធ្លាប់ឆ្លងកាត់អនុស្សាវរីយ៍ដ៏ជូរចត់ និងមានតម្លៃជាច្រើនក្នុងសម័យសង្គ្រាមអំឡុងទសវត្សរ៍ទី៨០។ កាលនោះ ពួកគាត់បានបម្រើការងារនៅវរសេនាតូចលេខ៨៦ បើកបររថក្រោះ រថពាសដែក។ យុទ្ធមិត្តទាំងពីរធ្លាប់បានប្រកៀកស្មាគ្នា ប្រយុទ្ធក្នុងសមរភូមិដោយភាពអង់អាចក្លាហាន ខ្នងទល់ខ្នងគ្នា បាញ់តទល់ជាមួយសត្រូវយ៉ាងសស្រាក់សស្រាំ។
ការលះបង់ និងភាពស្មោះត្រង់របស់ពួកគាត់បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ ដែលដក់ជាប់ក្នុងបេះដូងរបស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន រហូតមកដល់បច្ចុប្បន្ន។
ទោះបីពេលនេះយុទ្ធមិត្តរបស់លោក គឺលោក ស៊ឹម ស្រស់ មានវ័យជរា និងមានជំងឺប្រចាំកាយ ហើយត្រូវធ្វើដំណើរដោយប្រើឈើច្រត់ក៏ដោយ ក៏ទឹកចិត្តស្រឡាញ់ និងការគោរពរបស់លោកមេបញ្ជាការនៅតែមិនផ្លាស់ប្តូរឡើយ។
បច្ចុប្បន្ននេះ លោក ស៊ឹម ស្រស់ និងក្រុមគ្រួសារទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន។ លោកបាននាំយុទ្ធមិត្តរបស់ខ្លួនមកស្នាក់នៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ និងបានរៀបចំកន្លែងស្នាក់នៅយ៉ាងសមរម្យ។ បន្ថែមពីនេះ បងប្អូនកងទ័ពក្រោមឱវាទក៏បានជួយមើលថែទាំយ៉ាងដិតដល់ចំពោះវីរយុទ្ធជនកងដឹកជញ្ជូនរូបនេះ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ៕
