«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ជាប្រាជ្ញាចិនដែលបានផ្តួចផ្តើមឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយលោក Xi Jinping ប្រធានរដ្ឋចិន បានគូសរំលេចពី ១-ប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព ២-គោរពនីតិរដ្ឋអន្តរជាតិ ៣-គាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ៤-បន្តតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព និង ៥-បង្កើនការអនុវត្តនូវសកម្មភាពជាក់ស្តែងដោយឈរលើការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈទស្សនៈទាំង៥ចំណុចនេះបានផ្តល់នូវបុរេលក្ខខណ្ឌដោយធានាឬសគល់ មធ្យោយបាយជាមូលដ្ឋាន គុណតម្លៃ គោលការណ៍ដ៏សំខាន់របស់ប្រទេសនីមួយៗរួមគ្នាបន្តដំណើរលើមាគ៌ាសន្តិភាពពិភពលោកដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តប្រកបដោយស័ក្តសិទ្ធិភាពនូវរាល់ខ្លឹមសារដែលមានចែងនៅក្នុងធម្មនុញ្ញនិងគោលការណ៍របស់អង្គការសហប្រជាជាតិ។
«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» បានផ្តល់មាគ៌ាដ៏ត្រឹមត្រូវដែលប្រទេសចិនមិនគ្រាន់តែជាអ្នកផ្តួចផ្តើមប៉ុណ្ណោះទេ ថែមទាំងជាអ្នកអនុវត្តជាក់ស្តែងទៀតផង ដើម្បីបង្កើនប្រសិទ្ធភាពពេញលេញដល់យន្តការអង្គការសហប្រជាជាតិរយៈពេល៨០ឆ្នាំមកនេះក្រោមស្លាក «សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ» ដោយធានាជាមូលដ្ឋានសម្រាប់ថែរក្សាសន្តិភាពដើម្បីរក្សាបាននូវជ័យជម្នះនៃសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីសនិយម និងរក្សានូវជំហកោតសរសើរវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចរបស់ប្រជាជនចិនដែលបានតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ ប្រជាជនចិនស្រឡាញ់សន្តិភាព ព្រមពេលជាមួយគ្នានេះ ក៏ដឹងថា សន្តិភាពត្រូវការស្វែងរកនិងថែរក្សាឱ្យបានគង់វង្ស។ ប្រវត្តិសាស្ត្របានផ្តល់ការបំផុសគំនិតម្តងហើយម្តងទៀតថា មានតែមានសមត្ថភាពការពារនិងថែរក្សាសន្តិភាពបាន ទើបអាចចៀសវាងពីការវិលត្រឡប់មកវិញនូវសោកនាដកម្មសង្គ្រាមក្នុងគ្រប់ទម្រង់។
«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» បានបង្ហាញពីវឌ្ឍនភាពនៃការរីកចម្រើនរបស់ប្រទេសនានាតាមមាគ៌ាអភិវឌ្ឍរៀងៗខ្លួនដោយទទួលបានកាលានុវត្តភាពពីប្រទេសចិនក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក។ ប្រាជ្ញាចិននេះបានផ្តួចផ្តើមឱ្យសម្រេចបាននូវការបង្កើនសម្លេងពហុប៉ូលភាវូបនីយកម្មប្រកបដោយសមភាព និង ពោរពេញដោយរបៀបរៀបរយក្នុងចរន្តនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន។ ដោយឡែក ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវសន្តិភាពដោយមិនមែនក្នុងនាមជាអ្នកចម្បាំងដោយប្រើនាវាចម្បាំង កាំភ្លើង ឬដាវនោះ ប្រជាជាតិចិនត្រូវបានប្រវត្តិវិទូពិភពលោកកត់ត្រាទុកក្នុងនាមជាបេសកជននៃមិត្តភាពដែលប្រើប្រាស់ក្បួនអូដ្ឋ និងនាវាផ្ទុករតនសម្បត្តិ។ ពីមួយជំនាន់ទៅមួយជំនាន់ អ្នកធ្វើដំណើរលើផ្លូវសូត្របានកសាងបង្កើតជាស្ពានសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងបូព៌ាប្រទេស និងបស្ចិមប្រទេស ដែលតាមរយៈនេះ ប្រទេសចិននាពេលបច្ចុប្បន្នបានបន្តដំណើរពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសជាង១៦០ ដល់ការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់តាមរយៈវេទិកានានាដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិ និងពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ ស្របពេលដែលសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រទេសចិនក៏ធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការទទួលការអភិវឌ្ឍរួមគ្នាជាមួយបណ្តាប្រទេសនានាផងដែរ។
ជារួម ដោយសាទរនឹងខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស នោះ«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» នឹងបង្កើនសម្លេងកាន់តែខ្លាំងនៃស្មារតីផ្លូវសូត្របុរាណកាលពីជាង២០០០ឆ្នាំ និងបានពង្រីកវិសាលភាពនៃស្មារតីឌុងកាលពី៧០ឆ្នាំមុន ហើយសច្ចារួមគ្នាជំរុញទំនើបកម្មពិភពលោកក្នុងការត្រួសត្រាយអនាគតកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិក្រោមម្លប់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕
