នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែកញ្ញា ពិធីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានរៀបចំឡើងនៅទីលានធានអានមេននៅទីក្រុងប៉េកាំង ដែលមានពិធីព្យុហយាត្រានិងត្រួតពលដ៏ឱឡារិក។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះនិងអញ្ជើញត្រួតពល។
ពិធីលើកនេះធ្វើក្រោមប្រធានបទ “ចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញានក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត”។
តបតាមការអញ្ជើញរបស់លោកXi Jinpingប្រធានរដ្ឋចិន ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេស២៦បានអញ្ជើញចូលរួមពិធីនេះ។តបតាមការអញ្ជើញនៃរដ្ឋាភិបាលចិន ប្រធានសភា ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយចំនួន អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ និងអតីតអ្នកនយោបាយសំខាន់ៗបានអញ្ជើញចូលរួមពិធីនេះ។ក្រៅពីនេះ ឯអគ្គរដ្ឋ/រាជទូតបរទេសប្រចាំនៅប្រទេសចិន អនុព័ន្ធយោធានិងតំណាងអង្គការអន្តរជាតិប្រចាំនៅប្រទេសចិន ព្រមទាំងមិត្តបរទេសសមាជិកគ្រួសារដែលនៅរស់រានមានជីវិតចំនួន៥០រូបមកពីប្រទេសចំនួន១៤ រួមមានរុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស បារាំងនិងកាណាដាជាដើមត្រូវបានអញ្ជើញចូលរួម។
កាលពី៨០ឆ្នាំមុន បន្ទាប់ពីការតស៊ូប្រយុទ្ធដ៏លំបាកនិងបង្ហូរឈាមអស់រយៈពេល១៤ឆ្នាំ ប្រជាជាតិចិនបានទទួលជ័យជម្នះដ៏អស្ចារ្យក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងប្រកាសពីជ័យជម្នះទាំងស្រុងក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។សង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនបានចាប់ផ្តើមមុនគេ និងមានរយៈពេលយូរជាងគេបំផុត ហើយបានគាំទ្រដល់សមរភូមិសំខាន់នៅទិសបូព៌ានៃសង្គ្រាមពិភពលោកប្រឆាំងហ្វាស៊ីសដោយការពលីដ៏អស្ចារ្យនិងបានរួមចំណែកជាប្រវត្តិសាស្ត្រដល់ជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស៕




