លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ភាពកក់ក្តៅដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យ និងក្រុមការងារ ជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅបន្តការសិក្សានៅសាកលវិទ្យាល័យធានជីន ក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១៣រូប ដែលចេញដំណើរនៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ព្រមទាំងមានការចូលរួមពីឪពុក-ម្តាយ និងអាណាព្យាបាលរបស់និស្សិត ឯកឧត្តម ឡាវ វ៉ាន់ បាននាំការផ្តាំផ្ញើ និងការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដល់និស្សិតដែលត្រៀមចេញដំណើរឱ្យមើលថែសុខភាពឱ្យបានល្អ និងត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្រូបយកជំនាញឯកទេស ពីសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យប្រទេសចិន និងយកមកអភិវឌ្ឍន៍ កែច្នៃជំនាញឱ្យមុតស្រួចក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ខ្លួនឯង ក៏ដូចជាយកមកចូលរួមបម្រើសង្គមជាតិក្រោយពេលបញ្ចប់ការសិក្សា។ ឯកឧត្តម ផ្តាំផ្ញើបន្ថែមឱ្យនិស្សិតទាំងអស់ត្រូវធ្វើជាគំរូ និងតំណាងឱ្យកម្ពុជា តាមរយៈរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូ កិរិយាល្អ មិនប្រព្រឹត្តិអំពើដែលសង្គមហាមឃាត់ ការប្រើប្រាស់គ្រឿងញៀនជាដើម ដែលត្រូវជៀសឆ្ងាយឱ្យបានដាច់ខាត ទន្ទឹមនឹងនេះ និស្សិតគ្រប់រូបត្រូវការកសាងទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យ និងមិត្តភក្តិបរទេស និងត្រូវចូលរួមផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូផង់របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

គូសបញ្ជាក់ផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបកណ៍ បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដល់និស្សិតកម្ពុជា ចំនួន ១០៣រូប ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងថ្នាក់ផ្លាស់ប្តូរភាសាចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលបាននឹងកំពុងចេញដំណើរពីមាតុភូមិទៅបន្តការសិក្សាទៅបន្តការសិក្សា ចាប់ពីចុងខែសីហា និងក្នុងខែកញ្ញា ឆ្នាំ២០២៥ នេះ៕

Written by 

Related posts

Leave a Comment