ក្លិបអាល្លឺម៉ង់ Bayer Leverkusen បានបណ្តេញអ្នកចាត់ការ Erik ten Hag ចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំការប្រកួតក្នុងលីក បានត្រឹមតែ២ប្រកួតប៉ុណ្ណោះ ក្រោយលទ្ធផលស្មើចុងសប្តាហ៍ជាមួយ Werder Bremen ដែលមិនអាចសង្គ្រោះតំណែងគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានទេ។
Leverkusen បានចាញ់ការប្រកួតបើកឆាកលីករបស់ពួកគេក្នុងលទ្ធផល ២-១ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Hoffenheim ដើម្បីធ្វើឱ្យលោក Ten Hag ស្ថិតក្រោមសម្ពាធភ្លាមៗ ហើយលទ្ធផលស្មើ ៣-៣ កាលពីថ្ងៃសៅរ៍ជាមួយ Bremen ដែលសល់កីឡាករ១០ នាក់បាននាំមកនូវការបញ្ចប់រជ្ជកាលដ៏ខ្លីរបស់លោកនៅក្លឹប។
លោក Simon Rolfes នាយកផ្នែកកីឡា Leverkusen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តនេះមិនមែនជាការងាយស្រួលសម្រាប់ពួកយើងទេ។ គ្មាននរណាម្នាក់ចង់បែបនេះទេ” ។ “ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបង្ហាញថា ការកសាងក្រុមថ្មី និងភាពជោគជ័យជាមួយនឹងលោក Ten Hag គឺមិនអាចទៅរួចនោះទេ។”
សូមជម្រាបថា លោក Ten Hag គ្មានក្រុមដឹកនាំចាប់តាំងពី Manchester United បណ្តេញចេញ កាលពីខែតុលា ដោយបានចូលជំនួសតំណែងលោក Xabi Alonso ក្នុងខែឧសភា បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញទៅកាន់តំណែងនៅ Real Madrid៕
