បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg បាននិយាយថា បុគ្គលិករបស់អង្គការសហប្រជាជាតិចំនួន ១១ នាក់ ត្រូវបានចាប់ខ្លួនដោយក្រុមហ៊ូធីពីចលនាឧទ្ទាម Ansar Allah ។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Grundberg បានលើកឡើងថា ខ្ញុំថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ដោយបំពានលើបុគ្គលិកអង្គការសហប្រជាជាតិ ក៏ដូចជាការសម្រុកចូលមកក្នុងបរិវេណអង្គការសហប្រជាជាតិ ថែមទាំងរឹបអូសទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិ។ យ៉ាងហោចណាស់បុគ្គលិកអង្គការសហប្រជាជាតិ ១១ នាក់ត្រូវបានចាប់ខ្លួន។
លោក បានទាមទារឱ្យក្រុមហ៊ូធី ដោះលែងបុគ្គលិកអង្គការសហប្រជាជាតិទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ព្រមទាំងបុគ្គលិកមកពីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល និងបេសកកម្មការទូត។
ការចាប់ខ្លួននេះ បានកើតឡើងជាច្រើនថ្ងៃបន្ទាប់ពីអ៊ីស្រាអែល វាយប្រហារគោលដៅនៅក្នុងទីក្រុង Sana ដែលគ្រប់គ្រងដោយក្រុមនេះ ក្នុងអំឡុងពេលសុន្ទរកថាតាមទូរទស្សន៍ដោយមេដឹកនាំក្រុមឧទ្ទាមលោក Abdul Malik al-Houthi ៕


ដោយ៖ ពេជ្រ