ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចបវរធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម U Khin Yi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបង្ហាញនូវសេចក្ដីសោមនស្សដែលបានមកបំពេញទស្សនកិច្ចសាជាថ្មីម្ដងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជាពិសេស មានបទពិសោធន៍ច្រើន ខាងវិស័យកងទ័ព។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា និងគណបក្សប្រជាជនកម្ពុជា ដោយផ្ដោតទៅលើការភ្ជាប់ទំនាក់ទំនងទៅលើយុវជន ស្ត្រី និងកិច្ចសហប្រតិបត្តិការលើការងារបណ្ដាញផ្សព្វផ្សាយ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ ឯកឧត្តម U Khin Yi និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងគណបក្សទាំងពីរ។ សម្ដេចបវរធិបតីបានជំរុញ លើកទឹកចិត្ត និងគាំទ្រចំពោះការបន្តពង្រឹងទំនាក់ទំនងរវាង រដ្ឋនិងរដ្ឋ ក៏ដូចជាបក្ស និងបក្ស ពិសេសក្នុងក្របខ័ណ្ឌយុវជន នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

Written by 

Related posts

Leave a Comment