មន្ត្រីការទូតរុស្ស៊ីប្រចាំ UN ៖ យើងមិនភ្ញាក់ផ្អើលនោះទេដែលអាមេរិកបង្កកជំនួយ USAID

មន្ត្រីរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia បរិបទថ្មីៗអំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលភ្ជាប់ទៅក្រុមជ្រុលនិយម និងគម្រោងស្រមោលនានាធ្វើឱ្យមានសុពលភាពចំពោះការព្រួយបារម្ភជាទូទៅនោះ ហាក់ដូចជាមិនមានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ ព្រោះថា រុស្ស៊ីបានដឹងនិងបង្ហាញជាសាធារណនូវឧបាយកលរបស់ USAID ជាយូមកហើយ។ លោកVassily Nebenzia បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបែបនេះកាលពីថ្ងៃចន្ទ។

គួររំលឹកថា នៅក្នុងបទបញ្ជាប្រតិបត្តិដំបូងបន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី 20 ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្អាកជំនួយបរទេសទាំងអស់របស់សហរដ្ឋអាមេរិក ដោយរង់ចាំការត្រួតពិនិត្យរយៈពេល 3 ខែ។ ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃផែនការទូលំទូលាយដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលយ៉ាងច្រើន។ ក្នុងនោះក៏រួមមាន USAID ដែលជាទីភ្នាក់ងារចម្បងរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់គ្រប់គ្រងជំនួយបរទេស និងគម្រោងនយោបាយនៅបរទេសផងដែរ។

ទីភ្នាក់ងារនេះស្ថិតក្រោមការត្រួតពិនិត្យដោយនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលដែលទើបបង្កើតថ្មី (DOGE) ដែលដឹកនាំដោយ Tesla និងនាយកប្រតិបត្តិ SpaceX លោក Elon Musk កាលពីដើមខែនេះ។ ក្រោយមក Musk បានដាក់ឈ្មោះវាថាជា “អង្គការឧក្រិដ្ឋកម្ម” ដែលគាត់ជឿថាកំពុងផ្តល់ហិរញ្ញប្បទានដល់ការស្រាវជ្រាវអាវុធជីវសាស្រ្ត រួមទាំងគម្រោងដែលត្រូវបានចោទប្រកាន់ថានាំទៅដល់ការលេចចេញនូវ Covid-19 ផងដែរ។

លោក Nebenzia បាននិយាយថា ប្រទេសរុស្ស៊ីមិនមានការភ្ញាក់ផ្អើលទាល់តែសោះចំពោះការបង្ហាញថ្មីៗទាក់ទងនឹងសកម្មភាពរបស់ USAID។ លោកថា បញ្ហានេះយើងបាននិយាយជាយូរមកហើយអំពីការពិតដែលថា USAID ត្រូវបានផ្តល់ហិរញ្ញប្បទានដល់ធាតុរ៉ាឌីកាល់នៅទូទាំងពិភពលោក ប៉ុន្តែការនិយាយការពិតទាំងនោះត្រូវបានច្រានចោលហើយត្រូវបានគេចោទថាជាការឃោសនារបស់រុស្ស៊ីទៅវិញ។

កាលពីសប្តាហ៍មុន សមាជិកសភាជាន់ខ្ពស់រុស្ស៊ី លោក Konstantin Kosachev បាននិយាយថា ការចោទប្រកាន់របស់លោក Musk ប្រឆាំងនឹង USAID គ្រាន់តែបញ្ជាក់ពីអ្វីដែលទីក្រុងមូស្គូបានដឹងទាំងអស់គ្នាយូរហើយ។ រុស្ស៊ីបានដឹងថា USAID កំពុងឧបត្ថម្ភដល់មន្ទីរពិសោធន៍ជីវសាស្រ្តជុំវិញពិភពលោក រួមទាំងនៅអ៊ុយក្រែនផងដែរ។ លោក Kosachev ដែលជាអនុប្រធាននៃសភាជាន់លើនៃសភារុស្ស៊ីបាននិយាយបែបនេះនៅក្នុងសារបង្ហោះ Telegram ។

លោកបានបញ្ជាក់ថាយើងបានឃើញការផ្តល់មូលនិធិនេះតាមរយៈ USAID ​ដែលយោងទៅតាមសមាជិកសភាដែលធ្លាប់ធ្វើជាសហប្រធានគណៈកម្មាធិការស៊ើបអង្កេតសភាដែលកំពុងសិក្សាសកម្មភាពនៃមន្ទីរពិសោធន៍ជីវសាស្ត្ររបស់សហរដ្ឋអាមេរិក។  លោក​បាន​អះអាង​ថា ជំនួយ​របស់ USAID ជា​ញឹកញាប់​គ្រាន់​តែ​ជាការ​បិទបាំងសម្រាប់​គម្រោង​យោធា​អាមេរិក​ដែល​ភ្ជាប់​នឹង​បច្ចេកវិទ្យា​អាវុធ​ជីវសាស្ត្រតែប៉ុណ្ណោះ។

នៅដើមខែកុម្ភៈ ទីភ្នាក់ងារនេះបានបិទការិយាល័យធំរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ហើយបានប្រាប់បុគ្គលិកឱ្យនៅឱ្យឆ្ងាយ បន្ទាប់ពីលោក Trump ​បញ្ឈប់កម្មវិធីរបស់ខ្លួន។ យ៉ាង​ណា​ក៏​ដោយ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ តុលាការ​សហរដ្ឋ​អាមេរិក​បាន​ហាម​ឃាត់​ជា​បណ្ដោះ​អាសន្ន USAID ពី​ការ​ដាក់​បុគ្គលិក​រាប់​ពាន់​នាក់​ឲ្យ​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ខែ។ បណ្តឹងមួយក៏ត្រូវបានដាក់ក្នុងនាមសហជីពចំនួនពីរដែលតំណាងឱ្យកម្មករសហព័ន្ធក្នុងគោលបំណងរារាំងទីភ្នាក់ងារនេះពីការបិទទ្វារ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment