​អភិបាលខេត្តអញ្ជើញជាអធិបតីភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀងព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥នេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក្នុងនោះអរគុណដល់លោកអភិបាលរងខេត្តនិងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាទៅទទួលបងប្អូនប្រជាពលរដ្ឋដែលជាពលករវិលត្រលប់មកពីប្រទេសថៃវិញ ក៏ដូចជាដឹកជញ្ជូនមកស្រុកកំណើតនៅខេត្តស្វាយរៀងជាដេីម។

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.បន្តការរៀបចំក្រុមការងារនិងរថយន្តទៅទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ​ និងសហការជាមួយមន្ទីរការងារដើម្បីចុះឈ្មោះស្វែងរកការងារធ្វើផ្តល់ឱកាសការងារជូនពួកគាត់។

២.សមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមលក្ខណៈក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងចូលមកដល់នាថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៥នេះ។

៣.រដ្ឋបាលក្រុង/ស្រុកត្រូវពិនិត្យទប់ស្កាត់​ និងការការពារដីចំណីព្រែកពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋខិលខូចមួយចំនួន។

៤.មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យដោះស្រាយតាមដានការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋនៅរដូវវស្សានេះ។

៥. បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តឱ្យបានល្អជូនប្រជាពលរដ្ឋ។

៦.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។

៧.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណើរសំណូមពរ និងបញ្ហាផ្សេង ៗរបស់ប្រជាពលរដ្ឋផងដេរ៕គឹមសេង

Written by 

Related posts

Leave a Comment