ស្ត្រីម្នាក់ដើរថ្មើរជើងឆ្លងផ្លូវបេតុងមិនបានប្រុងប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងដួលបោកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង

ខេត្តរតនគិរី÷ ស្ត្រីម្នាក់បានរងរបួសធ្ងន់សន្លប់ឈឹង ខណៈបានដើរថ្មើរជើងឆ្លងកាត់ផ្លូវបេតុងមួយកន្លែង ត្រូវបានម៉ូតូបុកយ៉ាងពេញទំហឹង បណ្តាលឲ្យបែកក្បាលហូរឈាមលើផ្លូវបេតុង ចំណែកឯអ្នកបើកបរម៉ូតូបានរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ តាមផ្លូវបេតុងខាងកើតផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះបានដើរចេញពីក្នុងផ្សារបានលុង ហើយបានដើរថ្មើរជើងឆ្លងផ្លូវពីលិចទៅកើត បានពាក់កណ្តាលផ្លូវបេតុង ក៏មានម៉ូតូមួយគ្រឿងកំពុងបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីជើងមកត្បូង បុកពេញទំហឹងបណ្តាលឲ្យស្ត្រីវ័យចំណាស់នោះដួលបោកក្បាលហូរឈាមសន្លប់ស្តូកស្តឹង។

តាមការបញ្ជាក់ពីប្តីស្ត្រីរងគ្រោះថា ប្រពន្ធគាត់មានឈ្មោះ ហេង សុខេង អាយុ៥២ឆ្នាំ បានដើរចេញពីផ្សារឆ្លងកាត់ផ្លូវក៏ត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ ឥឡូវត្រូវបានកូនចៅដឹកបញ្ជូនតាមរថយន្តផ្ទាល់ខ្លួនយកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការជួយសង្គ្រោះបន្ទាន់។

រីឯយុវជនម្នាក់ឈ្មោះ ម៉ក់ អាយុ១៨ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ក្រហម ជាប្រភេទកែច្នៃ ពាក់ស្លាកលេខ រតនគិរី 1A-0171 បានដឹកធុងហ្គាសយកមកឲ្យថៅកែនៅខាងក្រោយផ្សារបានលុង ប៉ុន្តែ មិនទាន់បានមកដល់ផ្ទះផងក៏បានជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ហើយបានរងរបួសស្រាល(បានពាក់មួកសុវត្ថិភាព)។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្ត បានចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ និងបានរឹបអូសយកម៉ូតូមកកាន់ការិយាល័យនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្ត ដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ៕

Written by 

Related posts

Leave a Comment