ក្រុមជម្រើសជាតិកម្ពុជា មិនអាចរកបានពិន្ទុឡើយសម្រាប់ការប្រកួតទី២ បន្ទាប់ពីយកចាញ់ម្ចាស់ផ្ទះ សិង្ហបុរី ដោយលទ្ធផល ១-២ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship នៅប្រទេសសិង្ហបុរី កាលពីយប់មិញ។
ក្នុងជំនួបធ្វើឡើងដោយបិទដំបូលកីឡដ្ឋាន National Stadium ក្រុមម្ចាស់ផ្ទះសិង្ហបុរី បានរកគ្រាប់បាល់២គ្រាប់មុន កើតឡើងដោយកំហុសបច្ចេកទេសអ្នកចាំទី វីរៈ ដារ៉ា នៅដើមវគ្គទី១ ហើយ១គ្រាប់របស់កម្ពុជារកបានដោយ សៀង ចន្ធា នៅវគ្គទី២។ ចំណែក១គូទៀតក្នុងពូល A ដូចគ្នាគឺ ម៉ាឡេស៊ី យកឈ្នះទីម័រខាងកើត ដោយតានតឹងក្នុងលទ្ធផល ៣-២។
លទ្ធផលនេះបានធ្វើឲ្យកម្ពុជាមានសង្ឃឹមតិចតូចប៉ុណ្ណោះក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារការប្រកួត២លើកចុងក្រោយគឺប៉ះ ទីម័រខាងកើត និងចុងក្រោយប៉ះក្រុមខ្លាំងថៃដែលពិបាករកពិន្ទុ៕