ខេត្តស្វាយរៀង៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខ ចំនួន ៥២គ្រួសារ ដែលបច្ចុប្បន្នជាអ្នករស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនកងទ័ពគ្រប់ពលវេលា ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់វីរភាពរបស់កងទ័ពកម្ពុជា ដោយបានប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីយ៉ាងម៉ោះម៉ុត ក្នុងការតស៊ូប្រយុទ្ធប្តូរផ្តាច់ជាមួយកងទ័ពឈ្លានពាន ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើសុំឲ្យក្រុមគ្រួសារដែលនៅជួរក្រោយ ដែលជាភរិយា ឬ ម្តាយរបស់វីរៈកងទ័ពជួរមុខ ត្រូវថែទាំសុខភាពឲ្យបានល្អ រក្សាភាពហ្នឹងហ្ន និងមានភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន។ ព្រោះថា ភរិយា ឬម្តាយ ក៏ជាតួអង្គដ៏សំខាន់ ក្នុងការជម្រុញ និងលើកទឹកចិត្តដល់ ប្តី ឬ កូន ដែលជាអ្នកឈរជើងនៅជួរមុខ នៃបន្ទាត់ព្រំដែន កម្ពុជា-ថៃ ឲ្យមានកម្លាំងចិត្តបន្ថែមទៀត ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាពីការឈ្លានពានរបស់សត្រូវ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានប្រគល់ជូននូវសម្ភារៈប្រើប្រាស់មួយចំនួន ដល់ ៥៣គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម សារ៉ុង ១ មី ១កេស ត្រីខ ១យួរ ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប៊ឹចេង ១កញ្ចប់ អំបិល ១កញ្ចប់ បាយក្តាំង ២កញ្ចប់ និងថវិកា ៣០ម៉ឹនរៀល ជូនដល់ក្រុមគ្រួសារជួរមុខរបស់យើងផងដែរ៕គឹមសេង





