ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ សម្រាប់កិច្ចប្រជុំកំពូលដែលគេជឿថានឹងមានលទ្ធភាពខ្ពស់អាចពន្លត់សង្គ្រាមនៅអ៊ុយក្រែនបាន ហើយថែមទាំងសម្រេចជោគវាសនានៃសន្តិសុខអឺរ៉ុបទាំងមូលផងដែរ។

ជំនួបទល់មុខគ្នាបែបនេះ ជាឱកាសដែលលោក ត្រាំ អាចបង្ហាញដល់ពិភពលោកថាលោក គឺជាអ្នកជំនួញ ឬក៏ជាមេបង្កើតសន្តិភាព។
សម្ព័ន្ធមិត្ត បានចាត់ទុកថា លោក ត្រាំ ជាមនុស្សដែលពិជាអាចរកវិធីដើម្បីនាំយកនូវសន្តិភាពបន្ថយការកាប់សម្លាប់យ៉ាងទូលាយនៅអ៊ុយក្រែន ដែលលោក ធ្លាប់អួតថាអាចធ្វើឲ្យវាបានចប់យ៉ាងឆាប់រហ័សត្រឹមតែ ២៤ ម៉ោង។

សម្រាប់លោក ពូទីន កិច្ចប្រជុំកំពូលជាមួយលោក ត្រាំ គឺជាការផ្តល់ឱកាសដើម្បីចរចាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលនឹងជួយពង្រឹងអ្វីជាតម្រូវការរបស់រុស្ស៊ី ហើយនឹងរារាំងក្តីស្រមៃក្រុងគៀវ ក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ។
ទោះជាយ៉ាងណា កិច្ចប្រជុំកំពូលនេះ បានបញ្ចប់ទៅដោយមិនមានសម្រេចនូវកិច្ចព្រមព្រៀងនោះទេ ខណៈដែលមេដឹកនាំទាំង ២ សន្យានឹងហៅទូរស័ព្ទជូនដំណឹងដល់ណាតូ និងលោក ហ្សេលេនស្គី ដើម្បីជ្រាបជាលទ្ធផល៕

ដោយ៖ ពេជ្រ