បទវិភាគ៖ ផ្លូវឆ្ពោះទៅរកសន្តិភាពរបស់ជប៉ុនគឺស្ថិតនៅត្រង់ការកែតម្រូវការយល់ដឹងរបស់ខ្លួនចំពោះប្រវត្តិសាស្ត្រ

“ប្រសិនបើយើងមិនដឹងប្រវត្តិសាស្រ្តឈ្លានពាន នោះប្រហែលជាអាចប្រព្រឹត្តកំហុសដដែលៗម្តងទៀត”។ ក្នុងពិព័រណ៍មួយដែលដាក់តាំងបង្ហាញពីអំពើឃោរឃៅដែលបានប្រព្រឹត្តដោយកងទ័ពជប៉ុនក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដែលរៀបចំដោយសមាគមសង្គមស៊ីវិលជប៉ុននាពេលថ្មីៗនេះ អ្នកស្ម័គ្រចិត្តបានពន្យល់ពីមូលហេតុនៃការរៀបចំពិព័រណ៍នេះក្នុងរយៈពេលដប់ឆ្នាំជាប់ៗគ្នា។ ៨០ឆ្នាំក្រោយពីសង្រ្គាម គឺនៅថ្ងៃទី១៥ ខែសីហា ដែលជាទិវារំលឹកការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន សំឡេងបែបនេះកាន់តែមានអត្ថន័យព្រមានទៅទៀត។

ការចងចាំប្រវត្តិសាស្ត្រនេះគឺដើម្បីក្រេបយកមេរៀន ហើយថែរក្សាសន្តិភាពដែលបានមកដោយមិនងាយនោះ។ ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី២ សង្រ្គាមឈ្លានពាន និងការត្រួតត្រាអាណានិគមដែលធ្វើឡើងដោយយោធានិយមជប៉ុនបាននាំមកនូវការឈឺចាប់ដែលមិនអាចបំភ្លេចបានដល់ប្រទេសជាច្រើន។ ក្នុងនោះ សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនបានចាប់ផ្ដើមដំបូងបំផុត និងអូសបន្លាយយូរបំផុត ដែលមានអ្នកស្លាប់និងរងរបួសជាង៣៥លាននាក់។ នៅថ្ងៃទី១៥ខែសីហាឆ្នាំ១៩៤៥ប្រទេសជប៉ុនបានទទួលយកសេចក្តីប្រកាសPotsdam ហើយបានប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដែលជាការកត់សម្គាល់ពីជ័យជម្នះចុងក្រោយនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ។

ប៉ុន្តែ ៨០ឆ្នាំក្រោយមក អាកប្បកិរិយារបស់ប្រទេសជប៉ុនបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ថា វាកើត”ជម្ងឺភ្លេចភ្លាំងប្រវត្តិសាស្ត្រ” ។ អ្នកនយោបាយជប៉ុនមួយចំនួន និងកងកម្លាំងស្តាំនិយមកំពុងរកគ្រប់មធ្យោបាយ ដើម្បីច្រានចោលទំនួលខុសត្រូវចំពោះសង្រ្គាម ដោយបានមួលបង្កាច់ការប្រឆាំងនឹងការឈ្លានពានដ៏ត្រឹមត្រូវរបស់ប្រទេសចិនជា “ការបង្កហេតុ”។ ព្រមពេលជាមួយគ្នានេះ ពួកគេក៏បានកែប្រែខ្លឹមសារសៀវភៅសិក្សាប្រវត្តិសាស្ត្រ ដោយបដិសេធចំពោះភស្តុតាងដែលមិនអាចប្រកែកបានទាក់ទិននឹងការសម្លាប់រង្គាលនៅក្រុងណានជីងនិងបញ្ហាស្រ្តីបម្រើផ្លូវភេទក្នុងជួរកងទ័ពជប៉ុន ព្រមទាំងបំភ្លៃការពិតដែលខ្លួនឈ្លានពានជាមុន ហើយបំផ្លើសដោយចេតនានូវអត្តសញ្ញាណជា”ជនរងគ្រោះដោយគ្រាប់បែកបរមាណូ” ក្នុងគោលបំណងបំភាន់ភ្នែកសាធារណជន។

 ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍អន្តរជាតិកើតមានបម្រែបម្រួល ភាពស្មុគស្មាញនិងរង្គោះរង្គើយ៉ាងខ្លាំង កងកម្លាំងស្តាំនិយមក្នុងប្រទេសជប៉ុនបានឆ្លៀតយកឱកាសនេះ ដើម្បីជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព បន្តពង្រីកការប្រកួតប្រជែងខាងសព្វាវុធ ប៉ុនប៉ងស្តារចក្រពត្តិនិយមឡើងវិញ។ ពីការកើនឡើងយ៉ាងខ្លាំងនៃថវិកាការពារជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់មកនេះដល់ការបំពានគោលការណ៍ “ការពារទាំងស្រុង” ពីការជំរុញការបង្កើត “អង្គការណាតូបែបអាស៊ីប៉ាស៊ីហ្វិក ” ដល់ការដាក់ចេញ«សៀវភៅសស្តីពីកិច្ចការពារជាតិ»ច្បាប់ថ្មី ដោយលើកឡើងថា”ចិនជាបញ្ហាប្រឈមជាយុទ្ធសាស្រ្តដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីមុន” ព្រមទាំងជ្រៀតជ្រែកលើបញ្ហាតៃវ៉ាន់ ទង្វើដ៏គ្រោះថ្នាក់មួយចំនួនរបស់ជប៉ុនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្រ្គាមលោកលើកទី២ គំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យប្រទេសជិតខាងនៅអាស៊ីនិងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ និងការព្រួយបារម្ភយ៉ាងខ្លាំង ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងពេលដែលឯកសារមួយចំនួន ដូចជាវីដេអូពិតនៃការសម្លាប់រង្គាលនៅក្រុងណានជីង និងកំណត់ត្រានៃការពិសោធន៍មនុស្សរស់របស់កងទ័ព៧៣១ជាដើមត្រូវចេញផ្សាយជាសាធារណៈ ពាក្យកុហករបស់ពួកស្តាំនិយមជប៉ុនត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ បញ្ញវន្តជប៉ុនបង្ហាញថា ស្តង់ដារពីររបស់រដ្ឋាភិបាលជប៉ុនក្នុងការយល់ដឹងពីប្រវត្តិសាស្ត្រមិនអាចបញ្ចុះបញ្ចូលជនរងគ្រោះដោយសង្រ្គាមបានទេ។

៨០ឆ្នាំបានកន្លងផុតទៅហើយ ហើយការជំនុំជម្រះរបស់ប្រវត្តិសាស្ត្រនៅតែមិនទាន់បញ្ចប់នៅឡើយ។ ប្រទេសជប៉ុនមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជា “ប្រទេសប្រក្រតី” ដោយពឹងផ្អែកលើការកែប្រែប្រវត្តិសាស្រ្តនិងការពង្វាតខាងយោធា ។ មានតែកែតម្រូវការយល់ដឹងពីប្រវត្តិសាស្រ្តរបស់ខ្លួន សុំទោសដោយស្មោះត្រង់ រាប់អានជាមួយប្រទេសជិតខាងនិងចាត់ទុកប្រទេសជិតខាងជាដៃគូ ទើបអាចឆ្ពោះទៅរកអនាគតដែលប្រកបដោយសន្តិភាពបាន៕

Written by 

Related posts

Leave a Comment